ឧត្តរមានជ័យ ៖ ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។
ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ការដកអាវុធធុនធ្ងន់ដំណាក់កាលទី១កំពុងចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការដកអាវុធរួមបញ្ចូល ៣ ប្រភេទ:
– ប្រភេទ ( ក )មានប្រព័ន្ធកាំជ្រួចហ្វូងដែលមានចាប់ពី២កាណុងឡើងទៅ
– ប្រភេទ ( ខ ) មានកាំភ្លើងធំគ្រប់ប្រភេទ ដូចជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ
-ប្រភេទ ( គ ) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង
ទាំង ៣ ដំណាក់កាលនៃការដកអាវុធត្រូវធ្វើឡើងទាំងខាងភាគីកម្ពុជា និងថៃក្រោមផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងស្របតាមផែនការសកម្មភាពដកអាវុធចុះហត្ថលេខាដោយប្រទេសទាំងពីរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ការដកអាវុធទាំងអស់រំពឹងថានឹងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















