Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។

សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×