Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ស៊ីលវើរស្តារ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងបាវិត

ស្វាយរៀង៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ៦នាក់(ស្រ្តី១នាក់) ប៉ាគីស្ថាន ៧នាក់(ស្រ្តី ២នាក់) ហ្វីលីពីន ២នាក់(ស្រី ២នាក់) នេប៉ាល់ ២នាក់(ស្រ្តី២នាក់) ឥណ្ឌា ១នាក់ នីហ្ស៊េរីយ៉ា ១នាក់ អាល់ហ្ស៊េរី ១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និង ជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ៣នាក់ (ចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់) ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ២០ គ្រឿង។

បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឲ្យដំណើរការអាជីវកម្មបន្តទៀតទេ។សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង៣នាក់ មានជនជាតិចិនតៃវ៉ាន់ ១នាក់ និងម៉ាឡេស៊ី២នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនបរទេស២០នាក់ ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធី​និរទេសចេញពីកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×