ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ជួបសំណេះសំណាលជាមួយលោក Zhao Cheng ជាប្រធានគណៈកម្មការឃោសនាបក្សកុម្មុយនីស្តចិនប្រចាំខេត្តជឺជាំង នៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណចំពោះ លោក Zhao Cheng ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ជូនដល់គណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៃវេទិកាស្តីពីការផ្សព្វផ្សាយវប្បធម៌សុខដុមនីយកម្ម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យមិត្តចិនអញ្ជើញធ្វើទេសចរបន្ថែមមកកម្ពុជា បង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពិសេសបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគបន្ថែមនៅកម្ពុជា ព្រោះកម្ពុជាមានតម្លៃកម្លាំងពលកម្មទាប ការអនុគ្រោះពន្ធ និងទីផ្សារនាំចេញដូចជាអាម៉េរិក និងអឺរ៉ុប។
លោក Zhao Cheng ជាប្រធានគណៈកម្មការឃោសនាបក្សកុម្មុយនីស្តចិនប្រចាំខេត្តជឺជាំងបានទទួលយកសំណើ ព្រមទាំងខិតខំប្រឹងប្រែងពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី







