Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះ បណ្ដាលឲ្យរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ

ភ្នំពេញ ៖ នៅវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណី បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់បណ្ដាលឲ្យជនរងគ្រោះជាអ្នករត់ Pass App រងរបួសជាច្រើនកន្លែងធ្ងន់ធ្ងរ នៅចំណុចវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើភ្លាមៗ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន ១/.ឈ្មោះ អេង សៀវឡេង ភេទប្រុស អាយុ១៧ឆ្នាំ (ជាជនដៃដល់), ២/.ឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ភេទប្រុស អាយុ ១៥ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

វត្ថុតាងចាប់យក ៖ កូនកាំបិតបត់តូចចំនួន ០១ ( វត្ថុតាងធ្វើសកម្មភាព)។

ក្រោមវិធានការជំនាញជនសង្ស័យឈ្មោះ អេង សៀវឡេង បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាខាងលើ ពិតប្រាកដមែន ដោយនៅមុនពេលធ្វើសកម្មភាពនោះ ខ្លួនបានយកកូនកាំបិតពីឈ្មោះ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះជាអ្នករត់ Pass App ចំនួន៤ទៅ៥កាំបិត ត្រូវជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ ដោយមូលហេតុ រូបខ្លួន និងសង្សា បានបុកឃីងហៅកង់បី (Pass App)ចេញពីម្តុំស្ថានទូតជប៉ុន ទៅក្នុងវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ នៅពេលទៅដល់ក្នុងវត្ត ជនរងគ្រោះបានទារថ្លៃកង់បី អស់ចំនួន ៦៣០០៛ ហើយសង្សារខ្លួនបាញ់តាម ABA ចំនួន ៥ដុល្លារ ហើយសុំលុយអាប់ ប៉ុន្តែជនរងគ្រោះថាគ្មានលុយរាយទេ បាញ់ឲ្យគ្រប់ថ្លៃបានហើយ ទើបបង្កជាការជជែកឈ្លោះប្រកែកគ្នាតែម្ដង។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកកាលពីអំឡុងឆ្នាំ២០២៣-២០២៤ ខ្លួនធ្លាប់ជាប់ ពន្ធនាគារម្តង ក្នុងករណី ឆក់កាបូប។ រីឯជនសង្ស័យ វឌ្ឍនៈ អៀចាន់វាសនា ហៅ លាប បានសារភាពឲ្យដឹងដែរថា ខ្លួនពិតជាបានផ្ដល់កូនកាំបិតអោយទៅឈ្មោះ អេង សៀវឡេង ប្រាកដមែន ហើយកន្លងមកខ្លួនបានធ្លាក់ខ្លួនប្រើប្រាស់សារធាតុញៀនជាច្រើនឆ្នាំមកហើយ។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×