ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានយល់ឃើញថា ថៃ គ្មានសុច្ឆន្ទៈអនុវត្តកិច្ចព្រមព្រៀងសន្តិភាព (Peace Deal) ២៦ តុលា ២០២៥នោះទាល់សោះ។
តាមរយៈបណ្តាញសង្គមានថ្ងៃចន្ទនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា គិតត្រឹមថ្ងៃចន្ទ ៣ វិច្ឆិកា ២០២៥នេះជាថ្ងៃទី៩៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ថៃ នៅតែមិនព្រមដោះលែង ខណៈកិច្ចព្រមព្រៀងសន្តិភាព បាចចែងច្បាស់ថា ត្រូវតែដោះលែងភ្លាម ក្រោយចុះហត្ថលេខា។
លោកបណ្ឌិត បានបន្តទៀតថា ការណ៍នេះបានបង្ហាញថា ថៃ គ្មានសុច្ឆន្ទៈអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងបន្តញុះញង់ឱ្យមានសង្គ្រាម ដើម្បីបំប៉នមហិច្ឆតាឈ្លានពានរបស់ខ្លួនដណ្ដើមកាន់កាប់ទឹកដីកម្ពុជា។
បើតាមក្រសួងការពារជាតិ បានប្រកាសថា ថ្ងៃនេះជា ថ្ងៃទី៩៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





