Tuesday, November 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ថ្លែងសន្ទរកថាអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ

នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថាអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូក្នុងការស្ថាបនាសន្តិភាពតាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ដោយធ្លាប់រងគ្រោះនូវអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក កម្ពុជាបានដឹងច្បាស់ពីផលវិបាកនៃការបំផ្លិចបំផ្លាញរបស់សង្គ្រាម និងតម្លៃមិនអាចកាត់ថ្លៃបានរបស់សន្តិភាពដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ នៅក្នុងវិស័យអប់រំ កម្ពុជាផ្តោតសំខាន់លើបំណិនមូលដ្ឋានសម្រាប់ការសិក្សា ការថែទាំកុមារតូច ការ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការសិក្សាពេញមួយជីវិត និងសមត្ថភាពឌីជីថល ដើម្បីរៀបចំយុវជនឲ្យក្លាយជាសសរទ្រូងដ៏រឹងមាំ និងជាទំពាំងស្នងឬស្សីដែលមាន គុណភាពដើម្បីប្រឈមជាមួយនឹងបញ្ហាអាកាសធាតុ និងកសាងសេដ្ឋកិច្ចជាតិនាពេលអនាគត។

កម្ពុជាជាប្រទេសសមាជិកមួយដែលបានផ្តល់សច្ចាប័នគ្រប់អនុសញ្ញាវប្បធម៌ទាំងអស់របស់អង្គការ យូណេស្កូ ដែលឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការការពារ និងលើកតម្កើងសម្បត្តិបេតិកភណ្ឌវប្បធម៌ តាមរយៈការការពារនិងទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសារមន្ទីរធំៗនិងអ្នកប្រមូលសមុច្ច័យឯកជននានាធ្វើការពិភាក្សាដើម្បីប្រគល់វត្ថុបុរាណមកកាន់ប្រទេសដើមវិញ។ ការបញ្ចូលការអប់រំបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់តួនាទីនិងពង្រឹងភាពជាម្ចាស់ការរបស់សហគមន៍ត្រូវបានជំរុញឲ្យមានភាពរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឧស្សាហកម្មច្នៃប្រឌិតក៏បានចូលរួមចំណែកអភិវឌ្ឍដល់ស្ត្រី យុវជន និងសេដ្ឋកិច្ចក្នុងតំបន់។ បន្ថែមពីនោះ កម្ពុជាក៏បានពង្រឹងបន្ថែមនូវការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។

កម្ពុជាបានបង្ហាញអំពីសារៈសំខាន់នៃភាពជាដៃគូជាមួយអង្គការយូណេស្កូ ដោយបន្តលើកស្ទួយការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ឲ្យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ហើយអំពាវនាវឲ្យមានប្រព័ន្ធព័ត៌មានដែលប្រកបដោយតុល្យភាពនិងមានក្រមសីលធម៌ខ្ពស់ ព្រមទាំងការគោរពដល់ភាពចម្រុះគ្នានៃវប្បធម៌។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃកន្លងទៅដែលបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បេតិកភណ្ឌវប្បធម៌ពិភពលោក “ប្រាសាទព្រះវិហារ” ។ កម្ពុជាបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការខូចខាតដែលមិនអាចស្ដារឡើងបាននូវស្នាដៃវប្បធម៌ដ៏មានគុណតម្លៃ និងកម្រមួយនេះ។ ទន្ទឹមគ្នានឹងនេះដែរ កម្ពុជាក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ដែលមានការគាំទ្រ និងសាក្សីដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម។ កម្ពុជាសង្ឃឹមយ៉ាងជ្រាលជ្រៅថា បណ្ដាប្រទេសជាសមាជិកអង្គការយូណេស្កូទាំងអស់ នឹងបន្តប្តេជ្ញារួមគ្នាក្នុងការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×