ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ចាប់តាំងពីមាន ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។
ជាក់ស្ដែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ភាគីទាំងពីរបាននិងកំពុងធ្វើការលើបញ្ហាផ្សេងៗទៀតដូចជា កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការដោះមីន ដើម្បីមនុស្សធម៌ជាដើម។ ភាគីកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងដោយស្មោះត្រង់ក្នុងគោលបំណងរក្សា សន្តិភាពរវាងប្រទេសកម្ពុជានិងថៃ ក៏ដូចជាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។ ថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរនិងរក្សាភាពស្ងៀមស្ងាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កើតបរិយាកាសល្អឈានទៅអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា មន្តី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធា បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាក់ស្តែង មន្ត្រីថៃទាំងនោះបានអត្ថាធិប្បាយដោយយក ចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្ដីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជា ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃ និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជា ករណីប្រាសាទ តាក្របីជាដើម ដោយបានព្រមានពីការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយក ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទំនុកចិត្តគ្នាទៅលើការដោះស្រាយបញ្ហាដោយសន្តិវិធីដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម។
ការអត្ថាធិប្បាយទាំងនេះ ផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាង ការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយ សតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។
អ្វីដែលជាការកត់សម្គាល់យ៉ាងសំខាន់មួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្ដី ថ្លែងការណ៍រួមនោះ គឺនៅត្រង់ថា រហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ១០ថ្ងៃហើយ ដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។ សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះ ដោយគ្មានបង្អែបង្អង់ឡើយ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដោយទទូចឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។
កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក។ ដូច្នេះ វាមានសារសំខាន់ណាស់ដែល ភាគីទាំងពីរត្រូវអនុវត្តឱ្យបានយ៉ាងម៉ឹងម៉ាត់នូវសេចក្ដីថ្លែងការណ៍រួមនេះ ដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕ រក្សាសិទ្ធដោយ៖សុទ្ធលី






