Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំ​ធ្វើ​បាតុកម្ម​របស់​លោក​រ៉ុង ឈុន ប្រឆាំង​ជាមួយ​នឹង​ដាក់​សម្ពោធ បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើតាម​បង្គាប់​របស់​បរទេស គឺ​ជា​បទ​រំលោភ​ច្បាប់ របស់​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ បាន​ឆ្លើយតប​ដល់​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់ ចំពោះ​ករណី​ធ្វើបាតុកម្ម ដាក់​សម្ពោធ​លើ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ធ្វើឲ្យ​សង្គម​មានភាព​ច្របូលច្របល់ ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា សន្តិសុខ​ជាតិ​នោះ​មិន​គិតដល់ រដ្ឋធម្មនុញ្ញ ដែល​តម្រូវឲ្យ​រាជរដ្ឋាភិបាល ការពារ អធិបតេយ្យ និង​ឯករាជ្យ ការរៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង ជាមួយ​នឹង​ដាក់​សម្ពោធ​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើតាម​បង្គាប់​របស់​បរទេស គឺ​ជា​បទ​រំលោភ​ច្បាប់ របស់​កម្ពុជា​។​

​លោក​ផៃ ស៊ីផា​ន បាន​ថ្លែងថា នេះ​គ្រាន់តែ​ជា​អត្ថន័យ និង​ខ្លឹមសារ ដែល​មានចែង​នៅក្នុង​បទ​ព្រហ្មទណ្ឌ​។ បន្ថែម​ពីលើ​នេះ​ទៀត គឺ​ជា​ការវាយប្រហារ ដល់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជាង​៨០​ភាគរយ ចេញ​ទៅ​បោះឆ្នោត មិន​ញញើត និង​ការ​តតាំង​ប្រឆាំង ពី​សំណាក់​បរទេស ដែល​បាន​ធ្វើ​យុទ្ធនាការ​វិទ្ធង្សនា និង​ការបោះឆ្នោត​សកល នៅ​កម្ពុជា​។ សំឡេងឆ្នោត​ជាង​៧០​ភាគរយ នៃ​ចំនួន​សន្លឹក​​សរុប នៅ​ក្នុង​ហិប​ឆ្នោត ក៏​បង្ហាញ​យ៉ាងច្បាស់​ណាស់ នៅ​អធិបតេយ្យ​ជាតិ ឯកភាព និង​ឯករាជ្យ​របស់​ខ្មែរ ដែល​បុគ្គល រ៉ុង ឈុន ត្រូវតែ​មាន​កាតព្វកិច្ច​គោរព និង​ប្រតិបត្តិ​។ ការ​យក​លេស និង​ខ្លឹមសារ​របស់​សហគមន៍​អឺរ៉ុប ដែល​មិន​ទាន់​ចេញ​ជា​វិធាន​ផ្លូវច្បាប់ ណា​មួយ​ប្រឆាំង​និង កិច្ច​មិន​សហការ​ជាមួយ​កម្ពុជា​នោះ គឺជា​ជន​ឆ្លៀតឱកាស បង្កើតឲ្យមាន​អំពើ​អាណាធិបតេយ្យ នៅក្នុង​សង្គម​ខ្មែរ និង​បម្រើ​នយោបាយ​បរទេស​តែប៉ុណ្ណោះ មិនមែន​ពិតប្រាកដ​ផលប្រយោជន៍​ខ្មែរ​នោះ​ឡើយ​។​

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុង​កិច្ច​ថែរក្សា​អធិបតេយ្យ ឯករាជ្យ និង​ឯកភាព​ជាតិ នោះ​បើ​គ្មាន​កិច្ចសហការ​ពី​ជន​នេះ ឬ​បណ្ដាញ​ក្រុម​នេះ រាល់​តម្លៃ​គ្រប់​រូបភាព​ណាក៏ដោយ​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ព្យាយាម​អស់​សមត្ថភាព​របស់​លោក ទាំង​គោលនយោបាយ និង​រាល់​វិធាន​ក្នុង​កិច្ច​ថែរក្សា​លើកស្ទួយ ភាព​សុខក្សេមក្សាន្ត និង​ដោះស្រាយ​បង្កើន​ជីវភាព​របស់​កម្មករ ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ជាក់ស្តែង​របស់​កម្ពុជា​។ ខុសប្លែក​ពី​អ្នកនយោបាយ ក៏ដូចជា សហជីព​មួយ​ចំនួន ដែល​ជម្រុញ​ឲ្យ​កម្មករ​ជំ​ពប់ និង​ការបាត់បង់​ផលប្រយោជន៍​ការងារ ជាប់ពន្ធ​ធនាគារ​ព្រាត់ប្រាស​គ្រួសារ​ស្រុកទេស បង្ក​ដោយ​មហិច្ឆតា​នយោបាយ នៃ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​តែប៉ុណ្ណោះ​។ គេ​មិន​ខ្លាច​យក​ឈាម​កម្មករ​ប្តូរ​នឹង​អំណាច​នោះឡើយ​។ រាល់​កិច្ចសហការ ជាមួយ​និង​អាជ្ញាធរ ជា​កាតព្វកិច្ច​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។​

លោក​ផៃ ស៊ីផា​ន បាន​បន្ថែមថា “​ខ្ញុំ​សូម​ទាញអារម្មណ៍​សារជាថ្មី​ដល់​លោក រ៉ុង ឈុន និង​បក្ខពួក​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល បាន​បង្ហាញ​នូវ ឯកភាព​ជាតិ​ជា​ផ្លូវការ និង​សាធារណៈ​រួច​ស្រេច​ហើយ តាមរយៈ​ការបោះឆ្នោត គឺ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ពិតប្រាកដ​។ សហគមន៍​អឺរ៉ុប មិនមែន​ជា​អាណានិគម​លើ​កម្ពុជា​នោះ​ទេ​។ កម្ពុជា​មាន​កិច្ចសហការ​ល្អ​ណាស់ ជាមួយគ្នា​អស់​រយៈ​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុងករណី​ទ្វេភាគី និង​ពហុភាគី​តាមរយៈ​អាស៊ាន គឺ​កម្ពុជា និង​សហភាព​អឺរ៉ុប ជា​ដៃគូរ​ពិភាក្សា ដៃគូរ​អភិវឌ្ឍន៍ និង​សហការ​តែប៉ុណ្ណោះ​។ នៅ​ក្នុង​ការ​ថ្លែង​យោបល់​របស់​សភា​សហគម​អឺរ៉ុប នោះ​ជា​ជំនឿ និង​និន្នាការ​នយោបាយ របស់​គេ​ទេ ក៏ប៉ុន្តែ​សារ​អប​អរសាទរ និង​ជូនពរ​របស់​អធិការបតី​អាឡឺម៉ង់ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន គឺ​មានន័យ​គ្រប់គ្រាន់​សម្រាប់​លោក រ៉ុង ឈុន និង​បក្ខពួក​របស់​គេ​រួច​ស្រេច​ហើយ​។ កម្ពុជា និង​សហភាព​អឺរ៉ុប ឋិត​នៅតែ​ជា​ដៃគូរ​រហូត ហើយ​វេទិកា នយោបាយ និង​សេដ្ឋកិច្ច នៅ​អនាគត​ដ៏​ខ្លី​ខាងមុខ ក៏​អាច​បញ្ជាក់​នូវ​បំណង ដ៏​រឹងមាំ​ចំពោះ​កិច្ចសហការ​នេះ​ផង​ដែរ​។ រាជរដ្ឋាភិបាល កំពុងតែ​បន្ត​ពិភាក្សា ជាមួយ​សភា​សហភាព​អឺរ៉ុប នូវ​រាល់​បញ្ហា​ប្រឈម​ទាំងពួង ក្នុង​ភាព​គោរព​គ្នា​ទៅវិញទៅមក​”​។​

​នៅ​ព្រឹក​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បាន​ធ្វើ​ស​ន្និសិទ​សា​ព័ត៌មាន​ស្តីពី “​អនាគត​ការងារ​របស់​កម្មករ​” ។​លោក រ៉ុង ឈុន​បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា ប្រសិន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ប្ដូរ​ឥរិយាបទ​នយោបាយ​តាម​សហភាព​អឺរ៉ុប​ទេ នឹង​ដឹកនាំ​ធ្វើបាតុកម្ម ។ លោក រ៉ុង ឈុន​បាន​លើកឡើង​ពី​ក្តី​ព្រួយបារម្ភ​របស់​លោក ពី​អនាគត​កម្មករ​កម្ពុជា​រាប់​ម៉ឺន​នាក់ ដែល​ប្រឈម​នឹង​បាត់បង់​ការងារ ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​។ លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួលយក​សំណើ​របស់​សភា​សហភាព​អឺរ៉ុប ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ​។ បាតុកម្ម​របស់​លោក រ៉ុង ឈុន គ្រោង​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ នៅក្រោយ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នា​អំឡុង​ចុង​ខែ​តុលា​ខាងមុខនេះ ដោយ​មាន​ការដើរ​ដង្ហែ​រ​ក្បួន​ផង​។​

​កាលពី​ថ្ងៃ​ទី​១១ កញ្ញា កន្លងទៅ លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ សម្ដែង​ការខកចិត្ត​ទៅនឹង ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោកស្រី Michelle Bachlete ដែល​ស្នើ​ឲ្យ​រដ្ឋា​ភិ​បាល​កម្ពុជា​ទម្លាក់​នូវ​ការចោទប្រកាន់​ទាំងស្រុង ចំពោះ​លោក កឹម សុខា ដោយ​ថា លោកស្រី​និង​គណៈប្រតិភូ​ផ្សេង​ទៀត​ពឹងផ្អែក​លើ​ប្រភពព័ត៌មាន ដែល​មាន​លក្ខណៈ​នយោបាយ​។ ឯកអគ្គរាជទូត​តំណាង អចិន្ត្រៃយ៍​កម្ពុជា បាន​អះអាង​ថា កម្ពុជា​មិន​ទទួលស្គាល់​នូវ​សេចក្តីសម្រេច ដែល​ធ្វើឡើង​ដោយ​សភា​អឺរ៉ុប​ទេ ដោយ​ថា​វា​មាន​ភាព​លំអៀង និង​ជា​ការអនុវត្ត​ដែល​មាន​ស្តង់ដារ​ពីរ​។​

​សេចក្តីថ្លែងការណ៍​របស់ស្ថាន​បេសកម្ម​កម្ពុជា​ប្រចាំស​ហ​ភាព​អឺរ៉ុប ដែល​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប​ថា ជា​សេចក្តីសម្រេច ដែល​ពឹងផ្អែក​លើ​ការអះអាង មិន​ត្រឹមត្រូវ ដោយ​សំអាង​តែ​របាយការណ៍ លំអៀង​ដែល​មាន​ប្រភព មក​ពី​ខាង​គណបក្ស​ប្រឆាំង និង អង្គការក្រៅរដ្ឋាភិបាល ដែល​មាន​ចរិក​នយោបាយ​។​

​ស្ថាន​បេសកម្ម​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប ក៏​បាន​ចោទ​ជា​សំណួរ ទៅកាន់​សហភាព​អឺរ៉ុប​វិញ​ថា សេចក្តីសម្រេច​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​កំណត់​ស្ដង់ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដ៏​ខ្ពស់ ដែល​សូម្បី​តែ​ប្រទេស ក្នុង​សហភាព​នេះ​មួយ​ចំនួន​ក៏​មិន​អាច​ធ្វើបាន​ផង​នោះ តើ​សភា​អឺរ៉ុប រំពឹង​ភាព​ឥតខ្ចោះ​ពី​កម្ពុជា បាន​យ៉ាងដូចម្តេច​។​

​កម្ពុជា​ក៏​បាន​រិះគន់​សហភាព​អឺរ៉ុប​ថា ការ​ថ្កោលទោស​ពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែ កក្កដា របស់​ស្ថាប័ន​នេះ គឺ​មិន​បាន​ខ្វាយខ្វល់​ពី​កិច្ចប្រឹងប្រែង របស់​កម្ពុជា​នោះ​ទេ ហើយ​ថា សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​នេះ​មិន​យុត្តិធម៌​នោះទេ​។​

​សភា​សហភាព​អឺរ៉ុប បានសម្រេច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី របស់​កម្ពុជា បញ្ឈប់​នូវ​រាល់​ការ​រឹតត្បិត​សិទ្ធិសេរីភាព លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព និង​ទម្លាក់​ការចោទប្រកាន់​ទាំងស្រុង​លើ​លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទថា ក្បត់ជាតិ និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​។ សភា​សហភាព​អឺរ៉ុប ក៏​ជម្រុញ​ឲ្យ​គណៈកម្មាការ​អឺរ៉ុប រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ដើម្បី​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ទណ្ឌកម្ម​ទិដ្ឋាការ​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×