Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិកប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥ តាងនាមថ្នាក់ដឹកនាំ អគ្គបញ្ជាការ និងខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹកស្រលាញ់ យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក តស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ធ្វើពលិកម្មគ្រប់បែបយ៉ាង ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជាការពារសន្តិភាពនិងស្ថិរភាពសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំ រៀបរយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមសម្រាប់ជាតិមាតុភូមិនៃយើង។
ក្រៅពីភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេស កងយោធពលខេមរភូមិន្ទ បានសហការទប់ស្កាត់រាល់ការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចល តាមគ្រប់រូបភាព ព្រមទាំងបានបង្ក្រាបអំពើឃាតកម្ម ចោរកម្ម ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស ការជួញដូរអាវុធ បទល្មើសធនធានធម្មជាតិ និងអំពើគេចពន្ធជាដើម។ កងយោធពលខេមរភូមិន្ទ បានអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារព្រៃឈើនិងបង្ក្រាបក្រុមអនាធិបតេយ្យដែលទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដីបាន រាប់ម៉ឺនហិកតាប្រគល់ជូនរាជរដ្ឋាភិបាល ព្រមទាំងបានពង្រាយកម្លាំងតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា។ កងយោធពលខេមរភូមិន្ទ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយ ព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងពិធីបុណ្យឯករាជ្យជាតិ ទិវាសន្តិភាពនៅកម្ពុជា ពិធីបុណ្យផ្សេងៗ និងកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវាត់ព្រំដែន ប្រព័ន្ធធារាសាស្ត្រ ដាំកូនឈើ និងការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះដីស្រែជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផល សង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ និងគ្រោះ មហន្តរាយនានា ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ។ កងយោធពលខេមរភូមិន្ទ បានសហការជួយដល់គ្រួសារវីរកងទ័ព យោធិនពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារ យោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទ បានចូលរួមអនុវត្តភារកិច្ច អន្តរជាតិលើវិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាព របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពី មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្តាកងឯកភាព។

កងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិកប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ បន្សល់ទុកពីសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា។ កងយោធពល ខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ការពារឱ្យខាងតែបាននូវសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងបន្តទៀតថា ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ
និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងទៅ។ សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងបំពេញ ភារកិច្ចជំនាញនិងកំពុងឈរជើងការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ព្រំដែនទឹក ដែនអាកាស និងសូម ប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីសម្រេចបាន ជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំនុកចិត្តរបស់ប្រជាជនយើងទាំងមូល។ សូមផ្ដាំផ្ញើសួរសុខទុក្ខចំពោះគ្រួសារវីរកងទ័ព យោធិនពលី មរណៈ និងសូមលំឱនកាយវាចាចិត្តគោរព វិញ្ញាណក្ខន្ធអស់លោក លោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលរបួសពិការ និងមាន ជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងនៅតាមគេហដ្ឋាន សូមជូនពរអស់លោក លោកស្រី ឆាប់ ជាសះស្បើយ ដើម្បីរួមរស់ក្នុងគ្រួសារប្រកបដោយសុភមង្គល។ ជាមួយនេះ សូមផ្ញើជូននូវការនឹករលឹកចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាអតីតយុទ្ធជន ជនពិការ បាត់បង់សមត្ថភាពការងារ និវត្តជន ដែល កំពុងនៅតាមបណ្តាមូលដ្ឋាននានាទូទាំងប្រទេស សូមប្រកបដោយសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ប្រការ។
សូមផ្ញើជូននូវការនឹករលឹក និងសួរសុខទុក្ខពីចម្ងាយជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ សិក្ខាកាមកំពុងបន្តការសិក្សាជំនាញផ្សេងៗនៅឯបរទេស និងសូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន សម្រេចបាននូវបេសកកម្មអន្តរជាតិ និងទទួលបានជោគជ័យក្នុងការសិក្សាប្រកបដោយកិត្តិយស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×