នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការយោធភូមិភាគទី១ ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំឆ្នាំនេះបានថ្លែងថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ និងដោយយោងតាមស្មារតី នៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំ លើកទី២៤ ឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម យើងបានធ្វើឲ្យមានការវិវត្តន៍រីកចំរើន លើកិច្ចសហប្រតិបត្តិការ រវាងយោធភូមិភាគទាំងពីរ ក្នុងនាម ជាប្រទេសភូមិផង របងជាមួយ រក្សាបាននូវចំណង មិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ទប់ស្កាត់បាននូវអំពើអនាធិប្បតេយ្យគ្រប់់រូបភាព រក្សាសន្តិសុខ សុវត្តិភាព តាមបណ្តោយតំបន់ព្រំដែនប្រទេស ទាំងពីរ ដែលស្ថិតក្នុងភូមិសាស្ត្រដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាពនិងប្រកបដោយការអភិវឌ្ឍន៍ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរសាទរជាពន្លឹកចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ស្ថិតស្ថេរ រឹងមាំជានិច្ចនិរន្តន៍តរៀងទៅ ។
នៅក្នុងកិច្ចប្រជុំ.ភាគីទាំងពីរក៏បានឯកភាពគ្នារួមមាន៖ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; រាល់សភាពការណ៍ដែល កើតមាន ឡើង តាម បណ្តោយ ព្រំដែន ប្រទេសទាំងពីរស្ថិតក្នុងភូមិសាស្ត្រ ដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ត្រូវជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមក ជាបន្ទាន់ ដើម្បីមាន វិធានការដោះស្រាយ ។ សហការគ្នាជួយ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយធម្មជាតិផ្សេងៗ តាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តដែល យោធភូមិភាគ ទាំងពីរ ទទួលខុសត្រូវ។ បន្តជួយដល់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាមដែលកំពុងធ្វើការក្នុងភូមិសាស្ត្រយោធភូមិភាគទី១ ។ សហការគ្នាចូលរួម គាំទ្រ ដល់គណៈកម្មការវាស់វែងបោះបង្គោលព្រំដែនថ្នាក់ជាតិរបស់ប្រទេសទាំងពីរ ។
ភាគីទាំងពីរក៏បានឯកភាពគ្នាថា៖ កិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៦ រវាងយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៥ នៃកងទ័ព ប្រជាជនវៀតណាម នឹងត្រូវធ្វើនៅយោធភូមិភាគទី៥នៃកងទ័ពប្រជាជនវៀតណាម អាស្រ័យដោយភាគីយោធភូមិភាគ ទី៥ ជាម្ចាស់ផ្ទះ ជាអ្នកកំណត់ពេល វេលានិងទីកន្លែង។ បន្ទាប់មកភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ និងបានជូននូវវត្តុអនុស្សាវរីយ៍ជូនគ្នាទោវិញទៅមក ប្រកបដោយស្មារតីសាមគ្គីអន្តរជាតិខ្ពស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី











