Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិបង្ហាញពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា និងថៃ

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥អ្នកនាំពាក្យក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា និងថៃ៖

១. ក្នុងគោលបំណងការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នា ឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថ សម្រាប់ធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដែលត្រូវបានព្រមព្រៀងដោយក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ(JCTF) ។

២. ការងារដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោ ភាគីឡើយ។ ភាគីកម្ពុជា និងភាគីថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

៣. ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រោយពីផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ ក្នុងតំបន់អាទិភាពនៅព្រំដែនត្រូវបានអនុម័តដោយក្រុម ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន (TMAC) នឹងសម្របសម្រួលជាមួយនឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាពនោះ។ ក្រៅពីតំបន់អាទិភាព ដែលត្រូវបានកំណត់ និងឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគី នៅតំបន់ព្រំដែន ដែលមិនទាន់មានការកំណត់ខ័ណ្ឌសីមាច្បាស់លាស់ឡើយ (not yet demarcated) ដោយរង់ចាំការ សម្រេចពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF)។

៤. រាល់សកម្មភាពដោះមីនមនុស្សធម៌ និងនិយាមកាពហុកោណចម្ការមីននៅតំបន់សាកល្បង និងតំបន់ អាទិភាពនៅព្រំដែន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងប្រទេស ថៃឡើយ ឬ មិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង (Faits Accomplis) ។ ជាមូលដ្ឋាននៃការទាមទារ សិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ។ ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC)។

៥. តំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនដែលបានដោះមីនរួច ត្រូវគោរពគោលការណ៍ និងលក្ខខណ្ឌ ក្នុងការរក្សាស្ថានភាពដើម (Status Quo)៖ ក្រោយការបោសសម្អាតមីនមនុស្សធម៌, ភាគីទាំងពីរមិនត្រូវធ្វើសកម្មភាព ណាមួយដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ ដូចមានចែងក្នុងមាត្រា ៥ នៃអនុស្សរណៈ នៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU ឆ្នាំ២០០០)។

៦. យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលស្ថិតនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូ ខេត្ត ស្រះកែវ ព្រះរាជាណាចក្រថៃ និងបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំគ្នា និងបន្តការងារបច្ចេកទេសនៅទីតាំងជាក់ស្តែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងព្រមព្រៀងគ្នាលើនិយាមកាពហុកោណចម្ការមីននៃតំបន់អាទិភាពនៅ ព្រំដែន។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (TMAC) ត្រូវរៀបចំផែនការសកម្មភាពលម្អិតសម្រាប់ការងារដោះមីនមនុស្សធម៌ នៅតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលបានកំណត់ ដើម្បីសុំការអនុម័តពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) មុននឹងចាប់ផ្តើមអនុវត្ត ការងារដោះមីនមនុស្សធម៌៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×