ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីភាព ថ្លែងបើកអង្គសិក្ខាសាលា ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២) នៃរដ្ឋសភាបានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព កត្តាប្រឈម និងសមិទ្ឋិផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាបង្ហាញពីទស្សនទានគន្លឹះនិងការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយនេះ និងបន្តដាក់ចេញនូវវិធានការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបញ្ចៀសនូវផលប៉ះពាល់នៃហានិភ័យនានាទាំងក្នុងកម្រិតតំបន់ និងសកលលោកផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍គូសរំលេចនូវចំណុចសំខាន់ ចំនួន ៣ រួមមាន៖ (១). បរិការណ៍រួមនៃ ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៦ (២). ទិសដៅ និង អភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និង (៣). ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។
អញ្ជើញថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២៦ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាជា “ថវិកាដើម្បីពង្រឹងសមត្ថភាព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាសុខសន្តិភាព រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍមនុស្ស និងស្ថាប័ន និងលើកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពង្រឹងស័ក្តិសិទ្ធិភាព និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពស់សុខដុមភាពសង្គមទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧”។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ពិសេសគណៈកម្មការជំនាញនីមួយៗរបស់សភាទាំងពីរ បន្តសិក្សាស្រាវជ្រាវ ពីប្រភពឯកសារនានាទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងយុទ្ឋសាស្ត្រនានាដែលមានការពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦ នាពេលខាងមុខនេះ សំដៅធានាបានថា ការវិភាជន៍ថវិកាជាតិឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងមាតុភូមិកម្ពុជានិងវិស័យអាទិភាពរបស់ជាតិ។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ចូលរួមនៅក្នុងការពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានដ៏សំខាន់ក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ខាងមុខជាមិនខានឡើយ។
ឯកឧត្តមបានបន្តលើកឡើងថា ក្នុងស្មារតីជួយជំរុញនិងគាំទ្រដល់ដំណើរការនៃការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សភាទាំងពីរនៃព្រះរាជាណាចក្រកម្ពុជាបាន អនុម័តគោលនយោបាយ ច្បាប់ និងឧបករណ៍គតិយុត្តមួយចំនួន ដូចជា៖ ផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រកែទម្រង់រដ្ឋបាលសាធារណៈ យុទ្ធសាស្ត្រកែទម្រង់ហិរញ្ញវត្ថុសាធារណៈអនុម័តច្បាប់ ស្តីពីការយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រងឆ្នាំនីមួយៗច្បាប់ស្តីពីការទូទាត់ថវិកា ។សភាបានយកចិត្តទុកដាក់និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួច ជាប់ជាប្រចាំហើយបានមើលឃើញនិងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា តាមរយៈវិធានការបង្រួមវិសម ភាពសេដ្ឋកិច្ច ការអភិវឌ្ឍនិងការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំនិង សង្គតិភាព ការកាត់បន្ថយបន្ទុកជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា«ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលនឹងផ្តល់ទិសដៅគោលនយោបាយបន្ថែមសម្រាប់ការបន្តពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ច បន្តចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់តែ មានពិពិធកម្ម ជាពិសេសការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដែលលក្ខខណ្ឌសម្រាប់តម្រង់ ទិសក្នុងការរៀបចំរបៀបវារៈអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី











