Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្រប តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦”។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានគូសរំលេចនូវចំណុចសំខាន់ ចំនួន ៣ រួមមាន៖ (១). បរិការណ៍រួមនៃ ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៦ (២). ទិសដៅ និង អភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និង (៣). ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ គឺបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈ គោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ច ទាំងក្នុងកម្រិតសកល តំបន់ និង រួមទាំងកម្ពុជាផង ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព ដែលទាមទារនូវការតាមដានឲ្យបានជាប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ជាពិសេស ការគិតគូរអំពីកម្មវិបាក និងបច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណីចាំបាច់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្រប តាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់ អាចស្តារឡើងវិញបាននៅឡើយ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×