Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តនាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅផ្នែកមួយនៃតំបន់ព្រែកក្របៅដែលត្រូវបានទឹកទន្លេមេគង្គហូរចូលព្រែកធ្វើឲ្យប៉ះពាល់លំនៅដ្ឋាននាពេលកន្លងទៅ។
ដោយមានការគិតគូរពីថ្នាក់ដឹកនាំខេត្តនាពេលថ្មីៗត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ រស់នៅក្នុងភូមិពាមក្នុង ( គោដេក) ឃុំព្រែកក្របៅ ស្រុកកងមាស។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក ” ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវនេះ ដោយ ឯកឧត្តមប្រធាន បានស្នើអោយរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ទន្ទឹមនោះ រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភូយ សារុង ក្រម៉ា) និងថវិកា។ ចំណែកលោក អុី កុកគង់ មេឃុំមេក្របៅមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ វិច្ឆិកាឆ្នាំ២០២៥ ថាចំពោះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់លោកអ្នកខ្លះមានជីវភាពខ្វះខាត អាជ្ញាធរបានជួយទំនុកបម្រុងផ្ដល់សំលៀកបំពាក់ព្រមទាំងម្ហូបអាហារឲ្យទៅរៀនទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×