Tuesday, November 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេនីយ៍ ស ថេត បានណែនាំ ដល់ប្រធានអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការល្អ ជាមួយបណ្តាស្ថានទូតនានា ដើម្បីចែករំលែកព័ត៌មាន សន្តិសុខជាតិ អន្តរជាតិ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងសន្តិសុខផ្សេងៗ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ មុនត្រូវបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីជា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្រ្តីក្រោមឱវាទ និងនគរបាលអនុវត្តច្បាប់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ស្រាវជ្រាវ និងប្រតិកម្មរហ័ស ចំពោះបញ្ហាដែលកើតមានលើជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតប និងចេញអន្តរាកមន៍ជួយសង្គ្រោះពួកគេប្រកបដោយការទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់បំផុត ជាពិសេសបទល្មើស ឆបោកតាមអនឡាញ (Online Scams) , ការធ្វើទរុណកម្មការ និងការឃុំឃាំងមនុស្សខុសច្បាប់ជាដើម បូករួមទាំងបទល្មើសដ៏ទៃផ្សេងទៀត។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់ករណីទាំងអស់ដែលកើតមានឡើងលើជនបរទេសគ្រប់ជាតិសាស្រ្តទាំងអស់ មិនថាមកស្នាក់នៅ ធ្វើការ រកស៊ី និងមកទេសចរណ៍នោះ មន្រ្តីជំនាញទាំងអស់ត្រូវរួមសហការគ្នា ស៊ើបអង្កេត ស្រាវជ្រាវ និងចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវជួយសង្រ្គោះជនរងគ្រោះប្រកបដោយសុវត្ថិភាព និងចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធទស់អស់ឲ្យដល់ឬសគល់ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ទន្ទឹមនិងនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏បានណែនាំ ដល់ប្រធានអង្គភាព និងនាយកដ្ឋានពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការល្អ ជាមួយបណ្តាស្ថានទូតនានា ដើម្បីចែករំលែកព័ត៌មាន សន្តិសុខជាតិ អន្តរជាតិ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងសន្តិសុខផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយជួយជនរងគ្រោះឲ្យបានទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត បានក្រើនរំលឹកដល់មន្រ្តីពាក់ព័ន្ធ ឲ្យមានការយកចិត្តទុកដាក់លើសភាពការណ៍ដែលកើតមានឡើងគួរកត់សំគាល់ នៅតាមបណ្ដាលរាជធានីខេត្ត ដូចជា លោតពីលើអាគារ , ស្លាប់គ្មានមូលហេតុ, ហិង្សាវៃកាប់ចាក់ , គាស់ផ្ទះ, គ្រឿងញៀន និងបញ្ហាដ៏ទៃផ្សេងទៀត ដើម្បីដឹងថា តើប្រភពដើមនេះនៃបញ្ហាទាំងអស់នេះកើតដោយសារអ្វី ហើយយើងត្រូវរួមគ្នាដោះស្រាយបន្ទាន់ ដើម្បីសន្តិសុខជាតិទាំងមូល។

ឯកឧត្ដមអគ្គស្នងការនគរបាលជាតិ បានជម្រុញដល់ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ថ្មី នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នេះមានភារកិច្ចគ្រប់គ្រង និងសហការ ជាមួយនាយកដ្ឋាន ៤ និងមន្ទីរ ១ ក្នុងនោះរួមមាន ៖ នាយកដ្ឋាននគរបាព្រហ្មទណ្ឌ, នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, នាយកដ្ឋានបច្ចេកទេសនិងកោសលវិច្ច័យ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×