កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចាប់ឃាត់ខ្លួនស្រ្តីឈ្មោះ ទូច យោន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសចិនកាលពីអំឡុងឆ្នាំ២០១៧ ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់គេហទំព័ររបស់អង្គការសមាគមអាដហុក នាថ្ងៃទី១២ខែវិច្ឆិកានេះ។
សូមបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ស្ត្រីជាជនរងគ្រោះម្នាក់ឈ្មោះ ទ.សអ អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនប្រព្រឹត្តឈ្មោះ ទូច យោន ដែលត្រូវជាមីងថ្លៃរបស់ជនរងគ្រោះល្បួងឱ្យទៅធ្វើការនៅប្រទេសចិនដោយប្រាប់ថានឹងទទួលបានប្រាក់ខែច្រើនដើម្បីផ្ញើមកផ្ទះ ដោយធានាអះអាងថានៅពេលមានបញ្ហាកើតឡើងនឹងជួយនាំត្រឡប់មកប្រទេសកម្ពុជាវិញ តែផ្ទុយទៅវិញត្រូវបានបង្ខំឱ្យរៀបការជាមួយបុរសជនជាតិចិនជាថ្នូរនឹងការទទួលបានប្រាក់ជំនូន។
បន្ទាប់ពីគ្រួសាររបស់ជនរងគ្រោះដាក់ពាក្យសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ជនរងគ្រោះបានត្រឡប់មកប្រទេសកម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២២ និងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។ ដោយមានការស្នើសុំពីជនរងគ្រោះ សមាគមអាដហុកបានផ្តល់នូវការគាំទ្រផ្សេងៗដូចជាជំនួយសង្គម ការព្យាបាលសុខភាព តម្រូវការចាំបាច់នានា ការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ជាពិសេសសេវាមេធាវីដើម្បីការពារ និងប្រឹក្សាផ្លូវច្បាប់ផងដែរ។
បន្ទាប់ពីដំណើរការតាមនីតិវិធី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តត្បូងឃ្មុំបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទ កំណត់ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង្គាប់ឱ្យផ្តល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះចំនួន១៥លានរៀលពីបទ ”នាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ” តាមមាត្រា០៨ និង១០ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ព្រមទាំងចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ និងបញ្ជូនជនជាប់ចោទទៅឃុំខ្លួននៅពន្ធនាគារផងដែរ។ បច្ចុប្បន្នស្រ្តីជនប្រព្រឹត្តត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអនុវត្តទោសនៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


