ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច ដែលបានធ្វើឱ្យបទល្មើសនានា ថយចុះ ជាមួយនិងការស្នើសុំឱ្យអាជ្ញាធររាជធានី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដោយក្នុងខែតុលាកន្លងមកនេះ គ្រោះថ្នាក់អគ្គិភ័យ មានការកើនឡើង។
ការថ្លែងពីការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកានេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ បស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្ដមហួត ហៃ អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនេះ បានការកោតសរសើរចំពោះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច ដែលបានបង្ក្រាបបទល្មើសបានយ៉ាងល្អនៅក្នុងខែតុលាកន្លងមកនេះ ដោយបានធ្វើឱ្យបទល្មើសមានការថយចុះ ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣៧ករណី បង្ក្រាបបទល្មើសគ្រឿងញៀន បាន៨៦ករណី បង្ក្រាបក្មេងទំនើងបាន១៤ករណីនិងបង្ក្រាបបទល្មើស (ONLINE SCAM)បានចំនួន ៧ទីតាំង ឃាត់ខ្លួនចំនួន ១៣៧នាក់ / ៦សញ្ជាតិ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរក៏មានការថយចុះ។ប៉ុន្តែអ្វីដែលជាការកត់សំគាល់នោះ គឺគ្រោះថ្នាក់អគ្គិភ័យ បែរជាកើនឡើងរហូតដល់ ១១លើក / ៩លើក។ចំពោះការកើនឡើងគ្រោះថ្នាក់អគ្គិភ័យនេះ សមាជិកក្រុមប្រឹក្សារាជធានី បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយនិងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ឯកឧត្ដមជួប ខុន បានមានប្រសាសន៍ទៀតថា៖ កិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ មានរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញនិងទី៣- ស្តាប់របាយការណ៍លទ្ធផលការងារដែលសម្រេចបាន របស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញនិងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្ដមជួប ខុន បានបន្តថា៖ ចំពោះការគ្រប់គ្រង ការដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញឃើញថា មានលក្ខណៈល្អប្រសើរហើយ តែក៏នៅមានបញ្ហាអសកម្មមួយចំនួន ដោយមានប្រជាពលរដ្ឋនៅខណ្ឌដង្កោបានលើកឡើងពីការយឿតយ៉ាវនៃការប្រមូលនដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនប្រមូលសំរាម។ ជុំវិញបញ្ហានេះលោកជួប ខុន ស្នើសុំឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យជាប្រចាំចំពោះក្រុមហ៊ុនប្រមូលសំរាម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណ្ឌភាព អនាម័យនិងបរិស្ថានល្អ។
ក្នុងឱកសនោះដែរឯកឧត្ដមហួត ហៃ បានមានប្រសាសន៍ថា៖ ការកោតសរសើរ របស់សមាជិកក្រុមប្រឹក្សារាជធានី ចំពោះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច រាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសនានា វាជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី








