ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយឯកឧត្ដម Danny Annan ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្ដីការក្រសួង។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ដាណឺម៉ាក លើវិស័យនយោបាយ និងសេដ្ឋកិច្ច ការលើកកម្ពស់ទំនាក់ទំនងនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ បញ្ហាតំបន់និងអន្តរជាតិ រួមទាំងអំពីលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។ ឯកឧត្ដមឯកអគ្គរាជទូតដាណឺម៉ាក បានសម្តែងការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ដែលមានកំណើន ១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ ២០២៤ រួមទាំងបានគូសបញ្ជាក់ថា សហគមន៍ជនជាតិដាណឺម៉ាកនៅកម្ពុជា មានការពេញចិត្តក្នុងការរស់នៅនិងប្រកបរបរអាជីវកមុ្មនៅកម្ពុជា ហើយកំពុងសម្លឹងមើលពីការពង្រីកវិសាលភាពធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សំគាល់ផងដែរនូវកំណើនអ្នកទេសចរដាណឺម៉ាក មកកាន់កម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ តាមការសាកសួរពីភាគីមិត្ត ឯកឧត្ដម នង សាកល ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានកាណ៏នៅព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្ដីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ផងដែរ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានយោបាយលើកដំបូង ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





