ភ្នំពេញ ៖ លោក រឿន រិទ្ធីពង្ស ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជំនួសលោកស្រី មុំ ចាន់ដានី ដែលបានទទួលភារកិច្ចថ្មី
និងប្រកាសតែងតាំងលោក រ័ត្ន សុវិបូរ ជាប្រធានសាលាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ។
ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣វិច្ឆិកានេះ ក្រោមអធីបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងឱកាសនោះបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងល្អប្រសើររបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញកន្លងមក ពិសេសបានជួយដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងទៀតថា៖រដ្ឋបាលរាជធានីបានរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តាមរយៈការបង្ក្រាបទល្មើសគ្រប់ប្រភេទ ដូចជាក្មេងទំនើង លួចឆក់ ប្លន់ និងបង្ក្រាបបទល្មើស (ONLINE SCAM)តាមប្រព័ន្ធអនឡាញជាដើម។
ឯកឧត្ដមឃួង ស្រេង បានបន្តថា៖ ក្នុងនោះមន្ទីរសង្គមកិច្ចបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារជួយសង្គម ទៅតាមការចង្អុលណែនាំរបស់ រាជរដ្ឋាភិបាល ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់គាំទ្រកម្មវិធីចំនួន៤ ក្នុងនោះរួមមាន ១-កម្មវិធីផ្ដល់សាច់ប្រាក់ជូនជនក្រីក្រ ២ កម្មវិធីផ្ដល់អាហាររូបត្ថម្ភដល់ជនក្រីក្រ ៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនពិការភាពនិងទី៤កម្មវិធីឧបត្ថម្ភដល់ចាស់ជរា ដោយចាប់ខែមេសាឆ្នាំ ២០២៤ដល់ឆ្នាំ២០២៥នេះ គ្រួសារ ដែលទទួលបានកម្មវិធីទាំង៤ខាងលើនេះ មានចំនួនជាង២ម៉ឺនគ្រួសារស្មើនឹងទឹកប្រាក់ប្រមាណ១១២៧០លានរៀល។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ការប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ចខាងលើនេះ គឺដើម្បីបានរួមចំណែកជួយដល់ ការងារសង្គមពិសេសគឺជួយដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវ អរគុណនិងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលកន្លងមកតែងបានគាំទ្រ សហការនិងជួយអន្តរាគមន៍ កិច្ចការងារនានាដល់ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំទៅដល់ប្រធានមន្ទីរសង្គមកិច្ចដែលត្រូវបានតែងតាំងថ្មីនេះ សូមរក្សាសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អ ដោយសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យកិច្ចការងាររបស់មន្ទីរកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានមន្ទីរត្រូវលើកទឹកចិត្តដល់កូនចៅក្រោមឱវាទ ដើម្បីឲ្យពួកគាត់ចូលរួមបំពេញការងារជូនមន្ទីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោក រឿន រិទ្ធីពង្ស ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានប្តេជ្ញាចិត្តថា៖ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារ ជូនមន្ទីរឱ្យបានម៉ឹងម៉ាត់បំផុត ដោយសហការល្អជាមួយអាជ្ញាធរ មានសាមគ្គីភាពផ្ទៃ ដើម្បីរួមគ្នាបំរើឧត្ថមប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី











