ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងក្នុងពិធីបើកវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ដំណាក់កាលមួយថ្មី ដែលផលិតកម្មកសិកម្មបន្តកើនឡើងឥតឈប់ឈរ ខណៈដែលទីផ្សារ និងការកែច្នៃ នៅមានកម្រិត។ ឈរលើមូលដ្ឋានផលិតកម្មដ៏រឹងមាំនេះ កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គ ដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេស ការផ្គត់ផ្គង់ផលិតផលកែច្នៃ ហើយដើម្បីសម្រេច គោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា, ការវិនិយោគក្នុងស្រុក ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ, ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម, ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ, បច្ចេកវិទ្យា និងនវានុវត្តន៍, ហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបានថា កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើនសម្រាប់ការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម រួមមាន ទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់ និងអន្តរជាតិ, លក្ខខណ្ឌក្សេត្របរិស្ថានសមស្របសម្រាប់ ផលិតកម្មកសិកម្ម, មូលដ្ឋានផលិតកម្មរឹងមាំ, កម្លាំងពលកម្មវ័យក្មេង, ការលើកទឹកចិត្តផ្នែកពន្ធ, ការសម្រួល ពាណិជ្ជកម្ម និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលបង្កើតបាននូវបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ។
ក្នុងន័យនេះ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាគំនិតផ្តួចផ្តើមមួយដែលតួអង្គពាក់ព័ន្ធ ទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម មានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរមតិយោបល់ បង្កើតភាព ជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ រួមមាន ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ កសិ-ឧស្សាហកម្ម៖
១. បន្តជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីតម្រង់ទិស និងធានានិរន្តរភាពផលិតកម្ម ស្របតាមតម្រូវការទីផ្សារ, កាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនការប្រកួតប្រជែង, និងផ្សារភ្ជាប់ផលិតកម្ម ទៅនឹងទីផ្សារតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយនឹងតម្លៃសមរម្យ ដើម្បីធានាប្រាក់ចំណេញ សម្រាប់ប្រជាកសិករ ក្រោមយន្តការភាពជាដៃគូកាន់តែរឹងមាំ រវាង រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍ កសិកម្មទំនើប។
២. បង្កើនការលើកទឹកចិត្ត ការគាំទ្រ និងការប្រើប្រាស់ផលិតផល និងកសិផលខ្មែរ ដោយបង្កើន យុទ្ធនាការផ្សព្វផ្សាយ និងកម្មវិធីតាំងពិព័រណ៍ផលិតផល និងកសិផលខ្មែរឱ្យកាន់តែញឹកញាប់ និងទូលំទូលាយ ថែមទៀត ទាំងក្នុង និងក្រៅប្រទេស។
៣. បង្កើនការកែច្នៃកសិផល ដើម្បីបង្កើតទីផ្សារបន្ថែមសម្រាប់កសិផលក្នុងស្រុកផង ព្រមទាំងបង្កើត ការងារ និងតម្លៃបន្ថែមផង ដោយបង្កើនការកៀគរវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ ការវិនិយោគកែច្នៃ តាមស្តង់ដារ និងការផ្សព្វផ្សាយម៉ាក “Made in Cambodia នឹងជួយទាក់ទាញវិនិយោគបន្ថែមទៀត និង បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់។
៤. បង្កើនកិច្ចសហការកសាងកេរ្តិ៍ឈ្មោះកម្ពុជា ជាប្រទេសផ្គត់ផ្គង់ផលិតផល និងកសិផលមាន គុណភាព សុវត្ថិភាព និងមេត្រីភាពបរិស្ថាន ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ផលិតផល និងកសិផល កម្ពុជាមានគុណភាពល្អ ដូច្នេះយើងត្រូវប្រើប្រាស់សក្តានុពលនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនការប្រកួត ប្រជែង និងជំរុញកំណើនពាណិជ្ជកម្មផលិតផល និងកសិផលកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមក៏បានយកឱកាសនេះថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO), កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED),ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងសហគមន៍កសិកម្មទំនើប ដែលបានរួមសហការគ្នា រៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដ៏មានសារសំខាន់នេះឡើង។
ក្នុងរយៈពេលជាច្រើនអាណត្តិកន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់នានាជាបន្តបន្ទាប់ ជាពិសេស យុទ្ធ សាស្ត្រចតុកោណ ទាំង៤ដំណាក់កាល និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ និងបង្កើនល្បឿនអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាលទ្ធផល កម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងដំណាក់កាលមុនវិបត្តិកូវីដ-១៩ និងបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាពនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ទាំងក្នុងតំបន់ និងពិភពលោកក្តី។ តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបាននូវកំណើន៥.២% ក្នុងឆ្នាំ២០២៥ ស្របពេល ដែលផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ៣ ០០០ដុល្លារ។ សម្រាប់ឆ្នាំ២០២៦ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងបន្តរក្សាបាននូវកំណើនប្រមាណ ៥% គាំទ្រ ដោយវិស័យឧស្សាហកម្ម, វិស័យសេវាកម្ម និងវិស័យកសិកម្ម។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុ-វិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង វិស័យកសិកម្មនៅតែបន្តរក្សាបាននូវតួនាទីដ៏សំខាន់នេះ បើទោះបីជាចំនួនប្រជាពលរដ្ឋប្រកបរបរកសិកម្ម បានថយចុះមកនៅត្រឹម៥៤% ដោយសារមានជម្រើសជីវភាព និងការងារកាន់តែច្រើន និងប្រសើរជាងមុនក្តី, ការរួមចំណែករបស់វិស័យកសិកម្មក្នុងផលិតផលសរុបក្នុងស្រុកថយមកនៅត្រឹមជាង១៦% ដោយសារ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យដទៃទៀតក្តី និងបញ្ហាប្រឈមថ្មីៗក្តី ក៏ប៉ុន្តែបរិមាណផលិតកម្ម និងតម្លៃ បន្ថែមសរុបនៃវិស័យកសិកម្ម នៅតែបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងមុននេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែងយកអស់ពីប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្ត ជំរុញអនុវត្តយ៉ាងសកម្ម ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ និង កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម ដោយ សម្រេចបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, ដើម្បីបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងវិស័យកសិកម្មផងដែរ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ដូចជា៖
ទី១. ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម(ARDB), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank), និងសាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) និងការបង្កើនកិច្ចសហការជាមួយធនាគារពាណិជ្ជផ្សេងៗ ដើម្បីបង្កើន លទ្ធភាពដល់សហគ្រាសក្នុងស្រុក ក៏ដូចជាសហគមន៍កសិកម្មទំនើប ក្នុងការទទួលបានកម្ចីក្នុងទំហំសមស្រប និងអត្រាការប្រាក់ទាប។
ទី២. ការជំរុញ និងការលើកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការ បង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងសហគ្រិនខ្មែរ (KE) ដែលកំពុងដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីរបស់សហគ្រិនភាព និងផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម។
ទី៣. ការអភិវឌ្ឍស្តង់ដារជាតិ និងពង្រឹងការអនុវត្ត និងការប្រតិបត្តិតាមស្តង់ដារ ដើម្បីធានាបាននូវ អនុលោមភាពរបស់ផលិតផលសម្រាប់ការប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
ទី៤. ការចរចាបើកទីផ្សារបន្ថែមជាមួយប្រទេសដៃគូ និងការសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ កសិផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
ទី៥. ការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងសមត្ថភាពផលិត ដើម្បី ធានាបានទាំងបរិមាណ និងគុណភាព និងការកៀរគរវិនិយោគគាំទ្រខ្សែច្រវាក់តម្លៃកសិកម្មទាំងមូល។
ទី៦. ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន ដោយផ្តោត លើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ កម្មវិធីពិសេសនេះមានគោលដៅជំរុញការវិនិយោគ ឯកជនឱ្យកាន់តែសកម្ម, បង្កើតជាចរន្តសេដ្ឋកិច្ច, បង្កើតការងារ និងទាក់ទាញប្រមូលផ្តុំប្រជាជនឱ្យទៅតាំងទី លំនៅ និងប្រកបអាជីវកម្មកាន់តែច្រើនឡើងនៅតាមតំបន់ព្រំដែន។
ទី៧. ការកែលម្អបរិយាកាសធុរកិច្ច តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់ជាក់លាក់ និងចំទិសដៅ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន ជាពិសេស ការកាត់បន្ថយបន្ទុក ចំណាយរបស់សហគ្រាស។
កាន់តែសំខាន់ជាងនេះទៀត រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជន “ជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត” ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍, ការលើកកម្ពស់គុណភាព និង សុវត្ថិភាពស្បៀង, និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងទីផ្សារតំបន់ និងសកលលោក តាមរយៈការអនុវត្តកសិកម្មល្អ ប្រកបដោយគុណភាព និងមេត្រីភាពបរិស្ថាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




























