រាជធានីភ្នំពេញ៖ កម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL App ជាឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅជំនួយដល់ការបង្រៀននិងរៀន ការស្វ័យសិក្សាលើបំណិនភាពជាពលរដ្ឋឌីជីថលសាកល ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ភាពឆ្លាតវៃ និងទំនួលខុសត្រូវ ចេះទាញយកប្រយោជន៍ រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោកបញ្ឆោតកេងប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
កម្មវិធីទូរសព្ទដៃនេះ ត្រូវបានផ្តួចផ្តើមអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់ គាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) និងគាំទ្របច្ចេកទេសដោយក្រុមហ៊ុន KOOMPI ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកស្រី Nadine Jurrat អនុប្រធាននាយកដ្ឋាន DW Akademie ប្រចាំតំបន់អាស៊ីនិងអឺរ៉ុប លោកស្រី Sabina Casagrande ប្រធានផ្នែកអង្គការ DW Akademie (អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍) ថ្នាក់ដឹកនាំបុគ្គលិកអប់រំនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រុមការងារពាក់ព័ន្ធ សហការី គណៈគ្រប់គ្រង គ្រូឧទ្ទេស គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
លោកស្រី Nadine Jurrat អនុប្រធាននាយកដ្ឋាន DW Akademie ប្រចាំតំបន់អាស៊ី និងអឺរ៉ុប ក្នុងឱកាសនោះបានមានប្រសាសន៍ថា “ថ្ងៃនេះ យើងមិនមែនត្រឹមតែសម្ពោធកម្មវិធីទូរសព្ទដៃមួយប៉ុណ្ណោះទេ។ យើងកំពុងសម្ពោធឱកាសមួយសម្រាប់យុវជនកម្ពុជា ក្នុងការស្វែងយល់កាន់តែច្បាស់អំពីពិភពឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបង្រៀនយើងចេះទទួលខុសត្រូវ តាមរយៈកម្មវិធីទូរសព្ទដៃសាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលជាកម្មវីធីដំបូងគេនៅកម្ពុជា។
កម្មវិធី SALA MIL App នាំមកនូវនវានុវត្តន៍ដល់ថ្នាក់រៀន។ វាអនុញ្ញាតឱ្យការសិក្សាកើតឡើង មិនត្រឹមតែតាមរយៈសៀវភៅ និងការបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈឧបករណ៍ឌីជីថល។ ខ្ញុំសូមស្នើអ្នកទាំងអស់គ្នា ធ្វើជាឯកអគ្គរដ្ឋទូតដើម្បីផ្សព្វផ្សាយពីបំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ DW Akademie ក្នុងនាមជាអង្គការអភិវឌ្ឍន៍អន្តរជាតិ ពិតជាមានកិត្តិយស និងប្តេជ្ញាចិត្តក្នុងការក្លាយជាផ្នែកមួយនៃកិច្ចការនេះ។”
លោកស្រីបាន ក៏បានថ្លែងអំណរគុណ ជូនចំពោះ នាយកដ្ឋានបរិវត្តកម្មឌីជីថល ចំពោះការដឹកនាំ ការសម្របសម្រួល និងការគាំទ្រជាបន្តបន្ទាប់រវាង DW Akademie និងក្រសួងអប់រំ យុវជន និងកីឡាក្នុងពេលកន្លងមកក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរចំពោះសមិទ្ធិផលថ្មី កម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ដោយមានប្រសាសន៍ថា នេះជាសមិទ្ធិផលដ៏សំខាន់មួយដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ លោកជំទាវបណ្ឌិត មានជំនឿថា កិច្ចសហប្រតិបត្តិការក្នុងលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល ចូលរួមជាមួយរដ្ឋាភិបាលក្នុងអភិវឌ្ឍធនធានមនុស្សកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងចូលរួមចំណែកយ៉ាងសកម្មជាមួយបេសកកម្មរបស់ក្រសួងលើការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអប់រំឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចីរភាព។
លោកជំទាវរដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់សហការីទាំងអស់មកពី DW Akademie ប្រទេសអាល្លឺម៉ង់ ដែលមានសហការគាំទ្រ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងលោក លោកស្រី សហការីទាំងអស់របស់នាយកដ្ឋានជំនាញរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធីទូរសព្ទនេះឡើង។ លោកជំទាវបណ្ឌិតបានលើកទឹកចិត្ត លោកលោកស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សាធារណជនទូទៅ ប្រើប្រាស់កម្មវិធីទូសព្ទដៃនេះឱ្យបានទូលំទូលាយដើម្បីជាប្រយោជន៍ដល់ការពង្រឹងបរិវត្តកម្មឌីជីថលនៅកម្ពុជាឲ្យបានជោគជ័យ។
សូមជម្រាបថា កម្មវិធីទូរសព្ទដៃ “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” មានមាតិកាច្រើនសម្បូរបែប ដោយមាន មេរៀន សំណួរចម្លើយ រូបភាព វីដេអូ បណ្ណាល័យ តំណភ្ជាប់ទៅកាន់កម្មវិធីផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ព្រមទាំងមានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក ក្រុមពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ អ្វីដែលសំខាន់គឺលិខិតបញ្ជាក់ការសិក្សាបន្ទាប់ពីបញ្ចប់ដោយជោគជ័យ។ កម្មវិធីនេះមានភាពបត់បែន និងងាយស្រួល ដែលអាចឱ្យអ្នកប្រើប្រាស់ស្រាវជ្រាវ ស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី













