ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក អនុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ក្រោយឧបទ្ទវហេតុដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានសរសេរនៅលើគេហទំព័ររបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ឯកឧត្ដម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហោះសារនៅយប់នេះថា ៖” ខ្ញុំបាននិយាយជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ តាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនៅតាមព្រំដែននៃប្រទេសទាំងពីរ។
អាល់ហាំឌូលីឡា អ្នកទាំងពីរបានផ្តល់មតិវិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុវត្តតាមបញ្ហាដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។
ខ្ញុំបញ្ជាក់ជាថ្មីនូវជំហររបស់ប្រទេសម៉ាឡេស៊ី ដើម្បីមើលឃើញមិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹង ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីចុងខែមុន។ ខ្ញុំក៏បង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសម៉ាឡេស៊ី ដើម្បីបន្តដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការត្រួសត្រាយផ្លូវសន្តិភាពនេះ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការកោតសរសើរចំពោះជំហររបស់ប្រទេសម៉ាឡេស៊ី និងតួនាទីដែលយើងដើរតួ មិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្ត និងជាអ្នកជិតខាងនៃតំបន់ដែលប្រាថ្នាចង់បានសន្តិភាពផងដែរ។
សូមឱ្យប្រទេសទាំងពីរបន្តបង្ហាញការតាំងចិត្ត និងភាពក្លាហាន ដើម្បីស្តារស្ថិរភាពព្រំដែនឡើងវិញ ដើម្បីជាប្រយោជន៍ដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ”៕រក្សាសិទ្ធដោយ៖សុទ្ធលី


