នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក តាន់ អៀងដាវីឌ លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទការពិនិត្យឡើងវិញដោយគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរក្សាសន្តិភាព របស់គណៈកម្មាធិការកិច្ចការនយោបាយពិសេស និងការលុបបំបាត់អាណានិគម នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។
នៅក្នុងសេចក្ដីថ្លែងការណ៍ កម្ពុជាបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីពង្រឹងប្រតិបត្តិការថែរក្សាសន្តិភាព ដូចតទៅ៖ (១) ការឯកភាពនយោបាយរបស់ក្រុមប្រឹក្សាសន្តិសុខ (២) យុទ្ធសាស្ត្រចាកចេញត្រូវស្របតាមបរិបទប្រទេសនីមួយៗ និងម្ចាស់ការដោយប្រទេសម្ចាស់ផ្ទះ (៣) ភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរវាងបេសកកម្ម ប្រទេសម្ចាស់ផ្ទះ អង្គការតំបន់ និងស្ថាប័នរបស់អ.ស.ប. (៤) សារៈសំខាន់នៃការកសាងសមត្ថភាព និង (៥) ការចូលរួមរបស់ស្ត្រីក្នុងការរក្សាសន្តិភាព។
សូមជម្រាបជូនថា គិតចាប់តាំងពីឆ្នាំ២០០៦ មក ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណ ១០.០០០ នាក់ រួមមានស្ត្រីជាង៨០០ នាក់ ទៅកាន់បេសកកម្មចំនួន១០ នៅទូទាំងពិភពលោក ដែលកងកម្លាំងកម្ពុជាបានរួមចំណែកការពារជនស៊ីវិល បោសសម្អាតមីន និងកសាងសហគមន៍ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




