ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។
ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយ សម្តេច បានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព។ ចំណែកអនុសាសន៍ផ្សេងទៀត សម្តេចប្រធានរដ្ឋសភា ស្នើឱ្យបន្តរៀបចំបរិយាកាសអំណោយផលផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីឆ្លើយតបនានា ដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង៣០+ ព្រមទាំងរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ។
សម្តេចរដ្ឋសភាធិបតី បានជំរុញឱ្យរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ត«នារីរតនៈទី៦» និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ នៅគ្រប់កម្រិត និងវិធានការគោលនយោបាយនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីស្រ្តី នៅក្នុងអភិបាលកិច្ចនៅគ្រប់កម្រិត។ បង្កើតបរិយាកាសអំណោយផល មេត្រីភាព និងប្រកបដោយសុវត្ថិភាពនៅកន្លែងធ្វើការ នៅតាមសហគមន៍និងទីសាធារណៈ ការដោះស្រាយបន្ទុកនៃការងារផ្ទះសម្បែង និងការងារថែទាំគ្មានប្រាក់កម្រៃសម្រាប់ «ស្រ្តីនិងក្មេងស្រី» ដែលអាចបង្កឱកាសពេញលេញដល់ «ស្រ្តីនិងក្មេងស្រី» ក្នុងការអភិវឌ្ឍសក្តានុពលរបស់ខ្លួននៅក្នុងការងារសាធារណៈនិងភាពជាអ្នកដឹកនាំ។
សម្តេចរដ្ឋសភាធិបតី ក៏បានស្នើឱ្យពង្រីកយុទ្ធនាការសង្គមជាសាធារណៈ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម រួមទាំងការលើកកម្ពស់ការចូលរួមពីបុរស និងក្មេងប្រុស ក្នុងការគាំទ្រដល់«ស្រ្តី និងក្មេងស្រី» ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងគ្រប់ជំនាន់។ កសាងជំនឿជឿជាក់ដល់ «ស្រ្តី និងក្មេងស្រី» ដើម្បីបណ្តុះភាពជាគំរូ នៃភាពជាអ្នកដឹកនាំដល់«ស្រ្តីនិងក្មេងស្រី»ដទៃទៀត រួមនឹងការបង្កើនសំឡេងនិងការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដែលអាចបង្កើននូវថាមពលជំរុញឱ្យមានសមធម៌សង្គមកាន់តែប្រសើរឡើង។
សូមជម្រាបថា វេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានអ្នកចូលរួមពីក្រសួអស្ថាប័ននានាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន ផ្ទាល់និងតាមប្រព័ន្ធនិមិ្មតប្រមាណជាង២០០នាក់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសឱ្យស្រ្តីជាថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលបាននូវបទពិសោធន៍ល្អៗ និងគន្លឹះល្អៗ នៃភាពជាអ្នកដឹកនាំរបស់ស្រ្តី និងស្វែងរកនូវវិធានការសមស្រប ដើម្បីឈានទៅសម្រេចបាននូវបេសកកម្មរួម គឺការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន នយោបាយ សេដ្ឋកិច្ច សង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី











