Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ដោយសារការបាញ់ប្រហារពីទាហានថៃ

ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×