Saturday, November 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ធ្វើបទបង្ហញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនសមាជិកអង្គទូត និង អង្គការអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាពិសេស ឧប្បត្តិហេតុផ្ទុះមីន កាល ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការបាញ់ប្រហារដោយកងកម្លាំងថៃលើប្រជាជនស៊ីវិលកម្ពុជា នៅ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានជម្រាបអ្នកចូលរួមស្តាប់បទបង្ហាញថា កម្ពុជាបាន ធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពីសំណាក់កងកម្លាំងថៃ ដែលបណ្ដាល ឱ្យស្លាប់ជនស៊ីវិលខ្មែរម្នាក់ និងរបួសបីនាក់ផ្សេងទៀត នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមាន ជ័យ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកជំទាវបានបញ្ជាក់ដែរថា ការប្រើប្រាស់កម្លាំង ខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក៏បានជះឥទ្ធិពល អវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ច ប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ ២០២៥។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការបាញ់ ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំង បានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់។

ទាក់ទិននឹងឧប្បត្តិហេតុផ្ទុះមីនដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបស់កម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបានគូសបញ្ជាក់ថា ខណៈដែលឧប្បត្តិហេត្តនេះគួរមានការ ស៊ើបអង្កេតឯករាជ្យនោះ ពុំគួរអនុញ្ញាតឱ្យរឿងនេះធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ។
លោកជំទាវបានសម្តែងការសោកស្តាយដែលមានទាហានថៃរងរបួស និងបានគូសបញ្ជាក់ថាឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថាពោរពេញទៅដោយមីន ដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០។

លោកជំទាវបានបដិសេធដាច់អហង្ការនូវរាល់ការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មី។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានបញ្ចប់ការធ្វើបទបង្ហាញ ជាមួយនឹងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រម ព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡំពួ ស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ។

ការធ្វើបទបង្ហាញនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានរួមចំណែក ក្នុងការបំភ្លឺពីអង្គហេតុជាក់លាក់មួយចំនួន ពាក់ព័ន្ធនឹងឧប្បត្តិហេតុទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×