ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ផ្ដើមស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងអ្នកជំនាញបរទេស។
នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្ដាលឱ្យស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ចំនួន០១នាក់ និង ចំនួន៣នាក់ រងរបួសធ្ងន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអ្នកជំនាញបរទេស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














