ទីក្រុងម៉ាឡាតា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំពិសេសលើក ទី៤ ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម Edmund Bon Tai Soon តំណាងប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេន អាយឆា ឆ្នាំ២០២៥ នាថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។ តាមការចាត់តាំង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង ជាតំណាងកម្ពុជាប្រចាំអាយឆា ឯកឧត្តម ស៊ាង ចិន្តា សមាជិក គ.ស.ម.ក. បានដឹកនាំក្រុមការងារអោយឆាកម្ពុជា ទៅចូលរួមកិច្ចប្រជុំនេះជាមួយតំណាងប្រចាំអាយឆានៃប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី
លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកម្មវិធី និងសកម្មភាពអាទិភាពនានារបស់អាយឆា ទាំងកម្មវិធីដែលបាន អនុវត្តរួចហើយ និងកម្មវិធីដែលគ្រោងនឹងអនុវត្តបន្តបន្ទាប់ទៀត ដោយផ្តោតលើប្រធានបទសិទ្ធិមនុស្សជាច្រើន រួមមាន សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស សិទ្ធិមនុស្សនិងបរិស្ថាន សិទ្ធិមនុស្សនិងសន្តិភាព សេរីភាពន គំនិតនិងការបញ្ចេញមតិ សិទ្ធិសុខភាព សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ព្រមទាំងសិទ្ធិបរិស្ថាន ជាដើម។ បន្ថែមលើ នេះ កិច្ចប្រជុំក៏បានពិភាក្សានិងអនុម័តលើឯកសារមួយចំនួន ដើម្បីជំរុញឱ្យការបំពេញអាណត្តិការងាររបស់អាយឆា កាន់តែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍នានារបស់អាស៊ាន និងលក្ខន្តិកៈរបស់អាយឆា។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ ដូចជាការអនុម័តច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗ រួមទាំងការដាក់ ចេញនូវវិធានការផ្សេងៗដើម្បីទប់ស្កាត់និងប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងសំដៅដល់ការលើកកម្ពស់និងការ ការពារសិទ្ធិមនុស្ស។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ាង ចិន្តា បានជម្រាបដល់អង្គប្រជុំអំពីហេតុការណ៍ដែល ទាហានថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុចំនួនពីរលើកមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យមាន អ្នករងរបួសធ្ងន់ធ្ងរចំនួន ៣រូប និងបាត់បង់ជីវិតចំនួន ១រូប ហើយប្រជាពលរដ្ឋប្រមាណជាជាង ៣០០គ្រួសារ ត្រូវបាន ជម្លៀសចេញពីផ្ទះសម្បែងទាំងយប់ទៅកាន់ជំរំជនភៀសសឹក។
ឯកឧត្តម បានបញ្ជាក់ពីការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ បំផុតរបស់អាយឆាកម្ពុជា ចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយក៏ជាទង្វើដែលរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ទាំងច្បាប់ សិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះ ហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងជាច្រើនទៀត។ ឯកឧត្តម បានស្នើដល់សហគមន៍ តំបន់និងអន្តរជាតិឱ្យចូលរួមនិងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងមិនលម្អៀងលើករណីនេះ ដើម្បីរកឱ្យឃើញពីការពិត ព្រមទាំងផ្តល់យុត្តិធម៌និងការជួសជុសការខូតខាតនានាដល់ជនរងគ្រោះ។ ចំពោះករណីទាហាន ទាំង ១៨រូបវិញ ឯកឧត្តមបានលើកឡើងថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេលចំនួន ១០៨ថ្ងៃ ហើយ ដែលទាហានកម្ពុជាត្រូវបានទាហានថៃចាប់ឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចូល ជាធរមាន។ អោយធាកម្ពុជា ស្នើដល់ភាគីថៃឱ្យដោះលែងទាហានទាំង ១៨រូប ភ្លាមៗនិងដោយឥតលក្ខខណ្ឌផ្អែកលើ គោលការណ៍នៃច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ អោយចាកម្ពុជា សូមអះអាងជាថ្មីអំពីគោលជំហរ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទនេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សេចក្តីថ្លែង ការណ៍រួមទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងជាធរមានផ្សេងៗទៀត។ ទន្ទឹមនេះ ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាម ប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាមិនធ្លាប់បានប្រើ ហើយដាច់ខាតនឹងមិនប្រើគ្រាប់មីនថ្មីឡើយ។
ក្រៅពីនេះ អាយឆាបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយឧត្តមស្នងការនៃការរិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងជាមួយអង្គការកិច្ចសន្ទនាអាស៊ីស្តីពីទេសន្តប្រវេសន៍ ដោយបង្ខំ (ADFM)។ កិច្ចជំនួបទាំងនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យ កាន់តែស៊ីជម្រៅរវាងអាយឆាជាមួយស្ថាប័នផ្សេងៗទៀតលើវិស័យសិទ្ធិមនុស្ស តាមរយៈចែករំលែកចក្ខុវិស័យ គំនិត ផ្តួចផ្តើមផ្សេងៗ បញ្ហាប្រឈម កង្វល់ ព្រមទាំងវិស័យជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។
ក្នុងជំនួបទាំងនេះ ឯកឧត្តម ស៊ាង ចិន្តា បានបង្ហាញនូវការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ សិទ្ធិមនុស្ស ព្រោះការងារសិទ្ធិមនុស្សតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺ ការងារនេះមានលក្ខណៈ ជាការបំពេញឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងអស់។ ចំពោះ OHCHR កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលបានអនុញ្ញាតឱ្យមាន OHCHR ប្រចាំប្រទេសតាំងពីឆ្នាំ១៩៩៣ ហើយអោយឆាកម្ពុជាតែងតែមានកិច្ចសហ ប្រតិបត្តិការល្អជាមួយ OHCHR ប្រចាំកម្ពុជា និងមានជំនឿថាកិច្ចសហប្រតិបត្តិការល្អនេះនឹងបន្តទៀតទៅថ្ងៃអនាគត។
ជាកិច្ចបញ្ចប់ កិច្ចប្រជុំបានរៀបចំកម្មវិធីផ្ទេរតួនាទីជាប្រធានប្តូរវេនពីអាយឆាម៉ាឡេស៊ី ទៅឱ្យអាយឆាហ្វីលីពីន ដោយតំណាងអាឆាយទាំងអស់បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់អាយឆាម៉ាឡេស៊ី និងការសម្របសម្រួលរបស់លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចនិងមានក្តីរំពឹងយ៉ាង មុតមាំថា អាយឆាហ្វីលីពីននឹងបន្តដឹកនាំរបៀបវារៈសិទ្ធិមនុស្សក្នុងតំបន់អាស៊ានឱ្យសម្រេចបានលទ្ធផលកាន់តែល្អ ប្រសើរឡើងថែមទៀតនៅឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី













