ស្វាយរៀង៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ស្រុកស្វាយទាប ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋដែលរងគ្រោះ នៅពេលទៅប្ដឹងករណីចោរលួចម៉ូតូ។
មេប៉ុស្តិ៍ព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រើសម្តីសម្លុតសួរនាំពលរដ្ឋមកប្តឹងករណីបាត់ម៉ូតូ និយាយមិនយល់គ្នា វាជាកំហុសក្នុងវិជ្ជាជីវៈ គ្មានវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ បានបញ្ជាក់ថា ករណីលោកអនុសេនីយ៍ឯក សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋនោះ លោកបានបញ្ជាឲ្យដកបញ្ឈរជើង ហើយកំណត់ឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។
លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីម្នាក់ទៅប្ដឹងលោកករណីចោរលួចម៉ូតូ បែរជាលោកមេប៉ុស្ដិ៍ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងស្ដីបន្ទោសទៅកាន់ប្រជាពលរដ្ឋថែមទៀត។
ស្នងការខេត្តស្វាយរៀង នឹងកោះហៅលោកមេប៉ុស្តិ៍ព្រៃតាអី ស្រុកស្វាយទាប ទៅសួរនាំរឿងប្រើពាក្យសម្តីសម្លុតសួរនាំអ្នកមកប្តឹងករណីបាត់ម៉ូតូ។ ក្នុងករណីរកឃើញថា លោកមេប៉ុស្តិ៍មានកំហុសក្នុងវិជ្ជាជីវៈ នឹងទទួលរងវិន័យរបស់កងកម្លាំងនគរបាលជាតិ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ។
ក្រោយពេលដែលជនរងគ្រោះជាម្ចាស់ម៉ូតូរូបនោះ បានបង្ហោះនូវវីដេអូមួយលើបណ្តាញសង្គមរួចមក មេប៉ូសិ៍មកសុំទោសម្ចាស់ម៉ូតូដែលបាត់ ដល់ផ្ទះហើយទទួលស្គាល់ថាគាត់ខុស គាត់ស្រវឹង សុំអោយម្ចាស់វីដេអូលុបវីដេអូចោល ក្រោយ ម្ចាស់ម៉ូតូ ទៅប្តឹងរឿងបាត់ម៉ូតូ បែរត្រូវមេប៉ុស្តិ៍រូប នេះសម្លុតដូចជនល្មើសទៅវិញ នៅយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី






