សាច់រឿងបានបង្ហាញឲ្យឃើញពីជីវិតស្ងៀមស្ងាត់រវាងឆ្កែជាម្តាយ និងកូនតូចរបស់ខ្លួនត្រូវបានបញ្ចប់ ខណៈពេលរថយន្តនោះបើកកាត់ហើយកិនពីលើកូនរបស់វា។
វាបានស្រែកព្រុសដេញតាមរថយន្តដែលបានកិនកូនរបស់វា ដោយខឹងសម្បារយ៉ាងខ្លាំង។
ប៉ុន្តែបន្ទាប់ពីរត់តាមឡានប្រមាណ ១០០ម៉ែត្រ វាក៏បែរក្បាលវិលមករកកូនតូចដែលដេកស្តូកស្តឹងលើផ្លូវរួចចាប់ផ្តើមយកអណ្តាតលិទ្ធឈាមកំពុងហូរចេញ សង្ឃឹមថា កូនរបស់ខ្លួនអាចដូចធម្មតាសាជាថ្មី។
វាក៏ពាំកូនទៅកុម្ពោតព្រៃក្បែរផ្លូវ ហើយស្រវ៉ាឱបកូនប្រហែលជាគិតថា កម្តៅរបស់ខ្លួនវាអាចធ្វើឲ្យកូនជាសះស្បើយបាន។
វានៅក្បែរកូនបណ្តើរស្រែកព្រុសបណ្តើរ ហើយចោលភ្នែកសំឡឹងមើលទៅរថយន្តដឹកទំនិញពេលនេះនៅឆ្ងាយពីវា។
គេពុំដឹងថា តើវាស្ថិតនៅស្ថានភាពបែបនេះយូរប៉ុន្មានទៀតឡើយ ។
ទោះបីយ៉ាងណាក្រោយពេលដែលរូបភាពទាំងនេះត្រូវបានគេបង្ហោះលើបណ្តាញសង្គមវាអង្រួនបេះដូងរបស់មនុស្សពុំតិចនាក់ទេ។ សត្វ ហើយថែមជាសត្វអនាថា គ្មានម្ចាស់ថែទាំនៅមានមនោសញ្ចេតនាឧដុង្គឧត្តមបែបនេះ ចុះទម្រាំមនុស្សលោកយើងវិញ? សង្ឃឹមថា ពេលវាដឹងកូនរបស់វា លែងនៅជាមួយវាទៀតនោះ មេឆ្កែអនាថានេះអាចទ្រាំទ្ររួចនូវជីវិតឯកោតែម្នាក់ឯង៕ ដោយ ៖ អាទិត្យ