Monday, November 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្តិភាពនោះទេ

ភ្នំពេញ ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឱ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួមពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។

សម្ដេចតេជោបានមានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្ដោយឱ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។ សម្ដេចបានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួនដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?។

ថ្ងៃចន្ទ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្តេចតេជោបន្តថា ក្នុងនាមជាអគ្គភស្ដុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។
សម្ដេចតេជោបញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតីបានសុំយោបល់សម្ដេចជាមុនដែរ យើងមិនមែនខ្លាចការវាយនោះទេ ប៉ុន្តែវាយហើយវាបានផលមកវិញជាអ្វី?។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។សម្ដេចបានលើកករណីនៅភូមិព្រៃចាន់នៅខេត្តបន្ទាយមានជ័យថា ថៃបានព្យាយាមធ្វើទុកបុកម្នេញមកដល់កម្ពុជា ដើម្បីឱ្យប្រព្រឹត្តទង្វើផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបង្កើតបានជាសង្គ្រាមជាថ្មី។ ដោយសារមើលឃើញពីបំណងបែបនេះទើបរដ្ឋាភិបាលនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនតបត ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំម្ដងទៀតនោះទេ តែយ៉ាងណាសម្ដេចស្នើឱ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត។សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេវិញនោះទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។ ប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្តែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ តែថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។

សម្ដេចបានបញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្តិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្តិភាពនោះទេ។សម្ដេចតេជោបានបញ្ជាក់ថា ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៌ា។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការវិលទៅរកសន្តិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាព ចាញ់ ចាញ់ទាំងសងខាង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ខ្ញុំសូមជូនសារដល់អ្នកដទៃទៀត និងចង់សួរថា តើចង់ឲ្យមានសង្គ្រាមទៀត ឬចង់មានសន្ដិភាព? អ្នកខ្លះគេថា កាត់ដីដោះដូរជាមួយសន្ដិភាព កន្លងមកនាយករដ្ឋមន្រ្ដីបានចេញបំភ្លឺហើយ គ្មានកិច្ចព្រមព្រៀងណាមួយនិយាយពីរឿងបាត់បង់ដីធ្លីនោះទេ មិនមាននោះទេ។

សម្ដេចតេជោបានថ្លែងបន្ដថា បទឈប់បាញ់ តើអ្វីជាគន្លឹះនៃបទឈប់បាញ់? បទឈប់បាញ់គឺមិនចល័តទ័ព មិនបន្ថែមកងទ័ព។ ចំណែកកិច្ចព្រមព្រៀងសន្ដិភាព គឺកាត់បន្ថយអាវុធធុនធ្ងន់, ដោះមីន, បង្ក្រាបបទល្មើសតាមអនឡាញជាដើម។ និយាយចំពោះការដោះមីន គឺត្រូវធ្វើការរួមគ្នាមិនមែនជាការដើរដោះមីន តែភាគីម្ខាងនោះទេ ហើយមិនអាចដោះមីនរួចរាល់ ហើយរាយបន្លាលួសឡើយ គឺមិនមានន័យដូច្នេះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយគ្នារួចរាល់អំពីកិច្ចព្រមព្រៀងរវាងគ្នា និងគ្នា ចំពោះការដោះមីននេះ គឺត្រូវជជែកគ្នាទាំងសមខាងថា ដោះមីនត្រង់ចំណុចណា ហើយការដោះមីននេះគឺត្រូវធ្វើរួមគ្នា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា ដូច្នេះសូមកុំភ័ន្ដច្រឡំថា យើងកាត់ដីដោះដូរជាមួយសន្ដិភាព គឺអត់នោះទេ អត់នោះទេ ប្រសិនបើត្រូវកាត់ដីដោះដូរនឹងសន្ដិភាពមែននោះ ម្លេះយើងមិនចាំបាច់ច្បាំងនោះទេ។ កាលពេលនោះខាងភាគីនោះគម្រាមវៃយកតាក្របី, គម្រាមវ៉ៃយកប្រាសាទព្រះវិហារ ដូច្នេះប្រសិនបើចៀសវាងសង្គ្រាមម្លេះកម្ពុជាយើងឲ្យតាក្របី និងប្រាសាទព្រះវិហារទៅគេតែម្ដងទៅ ដើម្បីដោះដូរនឹងសន្ដិភាព មិនចាំបាច់វ៉ៃនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូច្នេះខ្ញុំក៏សូមព្រមានផងដែរចំពោះអ្នកលេងបណ្ដាញសង្គម Facebook នានា កុំរពិសដៃឲ្យសោះក្នុងការចូលខមិន (Comment) សម្រាប់ខ្ញុំគឺមិនឲ្យរួចខ្លួននោះទេ និងមិនទទួលយកការសូមទោសនោះឡើយ ខ្ញុំសូមផ្ដាំផ្ញើរទៅតែម្ដងថាមិនថា ជាព្រះសង្ឃ ឬជាព្រះហស្ថទេ សូមកុំរពឹសដៃចូលទៅខមិនឲ្យសោះ។ មួយទៀតសូមកុំច្រឡំថា ទល់តែចូលមកខមិន ក្នុងផេករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការស្រាវជ្រាវ គឺអត់ទេរាល់ការខមិនទៅលើផេកណាក៏ដោយ គឺមិនអនុញ្ញាតឲ្យរួចខ្លួននោះឡើយ ហើយនេះមិនមែនជាអំពើផ្ដាច់ការនោះទេ យើងអនុវត្តន៍ព្រោះតែនេះជាការចូលមកជេប្រមាថ ការចូលមកបំបាក់ទឹកចិត្តកងទ័ព។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចសូមឱ្យ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» នេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា តាមរយៈការអប់រំសីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×