ភ្នំពេញ៖ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផល កិច្ចប្រជុំលើកទី៣៩ ដោយបានសម្រេចអនុវត្តវិន័យទៅលើចៅក្រមចំនួន២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានទទួលបាន។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានកិត្តិយសសូមជម្រាបជូនដល់អង្គចៅក្រម និងសាធារណជនជ្រាបថា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០និង០០នាទីព្រឹក ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣៩ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យសម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១០ ដោយទទួលបាននូវលទ្ធផល ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រម៖ សម្រាប់សម័យប្រជុំលើកទី៣៩ នេះ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធករណីចៅក្រមចំនួន ២២រូប ដោយបានសម្រេចដាក់វិន័យដូចតទៅ៖
១-ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
-ការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួន៣ រូប
-ការស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន មានចំនួន ៩ រូប
-ការផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់
ឬឋានន្តរស័ក្ដិ ក្នុងរយៈពេល ២ឆ្នាំ មានចំនួន
២-ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
-ការផ្លាស់ដោយបង្ខំ មានចំនួន ៣ រូប
-ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្ដុះបណ្ដាលបន្ថែមមានចំនួន ១ រូប
-ការបន្ថយមួយថា្នក់ នៃឋានន្តរស័ក្តិ មានចំនួន ៥ រូប។
របៀបវារៈទី២៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធករណីព្រះរាជអាជ្ញា៖ អង្គប្រជុំនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលពាក់ព័ន្ធនឹងព្រះរាជអាជ្ញារងចំនួន ៣រូប ដោយបានសម្រេចដាក់វិន័យដូចតទៅ៖
១-ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖
-ការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួន ១រូប
-ការផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់
ឬឋានន្តរស័ក្ដិ ក្នុងរយៈពេល ២ឆ្នាំ មានចំនួន ១ រូប
២-ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖
-ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមនិងបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ មានចំនួន១ រូប។
ជាមួយគ្នានេះ ក្នុងចន្លោះសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ និងលើកទី៣៩, ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក៏បានសម្រេចយល់ព្រមលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ទាក់ទងនឹងវិន័យការងាររបស់ព្រះរាជអាជ្ញាចំនួន ២រូប ដោយក្នុងនោះបានសម្រេចដាក់វិន័យព្រះរាជអាជ្ញា ១រូប ដោយ បណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ១រូបទៀត ដាក់វិន័យ
ព្យួរពីការងារមិនឱ្យមានបៀវត្សក្នុងរយៈពេល ១ឆ្នាំ ផងដែរ។
របៀបវារៈទី៣៖ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន៖ អង្គប្រជុំបាន
សម្រេចយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម នៃសាលា
ជម្រះក្តីមួយចំនួនដែលដល់វេនត្រូវធ្វើការផ្លាស់ប្ដូរ និងដោយយោងទៅតាមតម្រូវការជាក់ស្ដែង សរុបមានចំនួន
៨៩រូប ក្នុងនោះរួមមាន ថ្នាក់តុលាការកំពូលចំនួន ២រូប, ថ្នាក់សាលាឧទ្ធរណ៍ចំនួន ១៧រូប និងថ្នាក់សាលាដំបូង
រាជធានី-ខេត្តចំនួន ៧០រូប។
របៀបវារៈទី៤៖ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង
មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរភារកិច្ច
និងតែងតាំងមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបមានចំនួន ៥៦រូប ក្នុងនោះ
រួមមាន នៅថ្នាក់មហាអយ្យការអមតុលាការកំពូលចំនួន ៣រូប និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-
ខេត្តចំនួន ៥៣រូប។
របៀបវារៈទី៥៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាពតាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានផ្តល់យោបល់យល់ព្រមចំពោះសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព
តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា សម្រាប់ឆ្នាំ២០២៥ សរុបទាំងអស់មានចំនួន ១៧០រូប ក្នុងនោះមានចំនួន ១២៩រូប ត្រូវស្នើតាមវេនអតីតភាព និងចំនួន ៤១រូប ត្រូវស្នើតាមកម្រិតសញ្ញាបត្រ។
របៀបវារៈទី៦៖ ពិនិត្យ និងសម្រេច អំពីសំណើសុំលាឈប់ពីមុខតំណែង និងក្របខណ្ឌចៅក្រមរបស់ចៅក្រម ១រូប នៃសាលាដំបូងខេត្តកណ្តាល តាមសំណើរបស់សាមីខ្លួន៖ សម្រាប់សម័យប្រជុំលើកនេះឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចយល់ព្រមអនុញ្ញាតឱ្យលោកស្រី អ៊ុំ ម៉ាណូកា ចៅក្រមសាលា
ដំបូងខេត្តកណ្តាល លាឈប់ពីមុខតំណែង និងក្របខណ្ឌចៅក្រម គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥តាមសំណើរបស់សាមីខ្លួន។
របៀបវារៈទី៧៖ ពិនិត្យ និងសម្រេចលើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្ស រយៈពេល ២ឆ្នាំរបស់ចៅក្រម ១រូប នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចយល់ព្រមអនុញ្ញាតឱ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានឈប់សម្រាកពីការងារ រយៈពេល ២(ពីរ)ឆ្នាំបន្តទៀត ដោយរក្សាកបខណ្ឌ និងគ្មានបៀវត្ស។
របៀបវារៈទី៨៖ ពិគ្រោះយោបល់ លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ២ឆ្នាំ របស់ព្រះរាជអាជ្ញារង ១រូប នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមអនុញ្ញាតឱ្យលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឈប់សម្រាកដោយគ្មានបៀវត្សរយៈពេល ២(ពីរ)ឆ្នាំ។
របៀបវារៈទី៩៖ ពិគ្រោះយោបល់ លើសំណើសុំលាឈប់ពីមុខតំណែង និងក្របខណ្ឌព្រះរាជអាជ្ញារបស់ព្រះរាជអាជ្ញា ១រូប នៅក្រសួងយុត្តិធម៌ តាមសំណើរបស់សាមីខ្លួន៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមអនុញ្ញាតឱ្យលោកស្រី ទុត វែនណា ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ លាឈប់ពីមុខតំណែងនិងក្របខណ្ឌព្រះរាជអាជ្ញា ដោយគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមសំណើរបស់សាមីខ្លួន។
របៀបវារៈទី១០៖ បញ្ហាផ្សេងៗ៖ ចំពោះរបៀបវារៈនេះ អង្គប្រជុំមិនមានបញ្ហាអ្វីលើកឡើងទេ។
ជាទីបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ របស់សមាជិកឧត្តមក្រុម
ប្រឹក្សានៃអង្គចៅក្រម។ ព្រះករុណាព្រះប្រធាន ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











