Tuesday, November 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីស ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

យោងតាម ឯកឧត្តម ជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ឯកឧត្តម និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូត ក្នុងពេលឯកឧត្តមបំពេញបេសកកម្មការងារ ថ្វីត្បិតតែពេលនេះ ឯកឧត្តមបានផុតអាណត្តិក៏ពិតមែន ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បានចូលរួមចំណាយយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីស។

ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីសបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីស ដែលមាននាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះឯកឧត្តមក៏បានរំលេចអំពី ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមបានឃើញប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានអគារខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានបញ្ជាក់ថា កន្លងមកអូទ្រីសបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយឯកឧត្តមរំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែក នៅក្នុងវិស័យដោះមីន ក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការ មួយចំនួនទៀត ដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។

សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។សម្ដេចតេជោក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×