ភ្នំពេញ ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ បានប្រារព្ធពិធីបើកនៅ សាលវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាសម្តេច ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ នៃក្រសួងធម្មការនិងសាសនា សរុបចំនួន ១ ២០០ អង្គ/នាក់ នាថ្ងៃចន្ទ-អង្គារ-ពុធ ១២-១៣-១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
មហាសន្និបាតពេញអង្គ ក្រោមការ ដឹកនាំ និងចាត់ចែងរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ សហការជាមួយក្រសួងធម្មការនិងសាសនា បានបើកកិច្ចប្រជុំពិភាក្សា ផ្លាស់ប្តូរមតិយោបល់ស្តីពីការអនុវត្តសង្ឃប្រកាសលើកទី៣២ និងសង្ឃប្រកាសក្នុងឆ្នាំកន្លងមក ព្រមទាំង លើកទិសដៅប្រចាំឆ្នាំសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំខាងមុខអស់រយៈពេល៣ថ្ងៃ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសបានប្រារព្ធពិធីបិទនៅសាលវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នៃគណៈសង្ឃនាយកទាំងពីរគណៈបានសម្រេចឯកភាពដាក់ចេញនូវសង្ឃប្រកាស ដែលមានខ្លឹមសារដូចខាងក្រោម៖
១-ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម មន្ត្រីសង្ឃគ្រប់ឋានានុក្រមនិង ព្រះសង្ឃទូទាំងប្រទេសគប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកវីរៈកងទ័ព និងវីរៈនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ សំដៅបាន រួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលកំពុងតែមមាញឹកក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីសម្រាប់ប្រជាជន និងជាតិ សាសនា ព្រះមហាក្សត្រ។
២-គម្ពីរព្រះត្រៃបិដកគឺជាទីប្រជុំចុះនៃពុទ្ធវចនៈ ដែលពុទ្ធសាសនិកសិក្សាស្រាវជ្រាវយកមកបដិបត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ។ ដូច្នេះដើម្បីអភិរក្សរក្សាពុទ្ធវចនៈឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំកាលបរិច្ឆេទនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកដូចខាងក្រោម៖
ក-គណៈសង្ឃថ្នាក់ជាតិរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់៥ឆ្នាំម្តង (ក្នុង៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយកំណត់ទីតាំងណាមួយសមស្រប សម្រាប់សូត្រស្វាធ្យាយព្រះត្រៃបិដក។ ខ-គណៈសង្ឃថ្នាក់ជាតិប្រគល់សិទ្ធិ និងតួនាទីជូនដល់គណៈសង្ឃថ្នាក់មូលដ្ឋាននិងមន្ទីរ ធម្មការនិងសាសនារាជធានី-ខេត្ត សូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ឆ្នាំ (ក្នុង១ឆ្នាំម្ដង) រយៈពេល៣ថ្ងៃ ដោយប្រមូលផ្តុំ៥ខេត្តសម្រាប់មួយក្រុម ដើម្បីទ្រទ្រង់ដំណើរការ នៃការសូត្រស្វាធ្យាយព្រះត្រៃបិដកនេះ ឱ្យបានជោគជ័យនិងប្រសិទ្ធភាព។ ចំពោះទីតាំងនៃការសូត្រស្វាធ្យាយរៀងរាល់ឆ្នាំ អាស្រ័យទៅលើ
ការសម្រេចរបស់ខេត្តទាំង៥ព្រមព្រៀងគ្នាប្រកបដោយមហាកុសលខ្ពស់។
៣-មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចប្រតិបត្តិធម៌វិន័យរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន និងបន្តជំរុញសមណៈបព្វជិត ភិក្ខុ សាមណេរ ក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា ឱ្យស្ថិតក្នុងវិន័យ សីលធម៌និងអភិសមាចារ ដើម្បីរក្សាជំហរដ៏រឹងមាំក្នុងភាពជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនាជួរមុខ សំដៅធានាបាននូវសទ្ធាជ្រះថ្លានិងភាពកក់ក្ដៅរបស់ពុទ្ធបរិស័ទក្នុងការគោរពបូជានិងរៀនសូត្រតាម។
៤-ដើម្បីពង្រឹងការដឹកនាំវត្តអារាមទូទាំងប្រទេស ប្រកបដោយគុណភាពនិងប្រសិទ្ធភាព គណៈសង្ឃរាជធានី-ខេត្តគប្បីបើកវគ្គខ្លីបណ្តុះបណ្តាលបព្វជិតជាបេក្ខសមណៈ ដែលត្រូវបាន ជ្រើសរើសជាគណៈសង្ឃវត្តក្នុងនោះរួមមាន : ព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរ លេខាធិការវត្ត អំពីភាពជាអ្នកដឹកនាំការគ្រប់គ្រង វិន័យសីលធម៌ របៀបស្វាធ្យាយព្រះធម៌ កិច្ចវត្ត របៀប នៃការគោរពព្រះមហាថេរ ចតុប្បារិសុទ្ធិសីល និងអភិសមាចារ ឱ្យស័ក្កិសមជាសមណៈសក្យបុត្ដិយ៍។ ៥-មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់សហការជាមួយក្រសួងធម្មការនិងសាសនា បន្តពង្រឹងនិងលើកកម្ពស់ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏សំខាន់ នៃពុទ្ធសាសនាថេរវាទកម្ពុជា ក្នុងនោះរួមមាន : ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សា ពុទ្ធិកឧត្តមសិក្សា និងពុទ្ធិកក្រោយឧត្តមសិក្សា ដើម្បីធានាបាន នូវគុណភាពសិក្សានិងមូលធនសង្ឃក្នុងពុទ្ធសាសនមណ្ឌល។ ដោយឡែក ពុទ្ធិកបឋមសិក្សាទាមទារ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីគណៈសង្ឃមូលដ្ឋានគឺ គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃ ក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្ត ដោយសហការជាមួយមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត
ជៀសវាងការឆកល្វែងនិងធ្វេសប្រហែសក្នុងការពន្លឿនលើដំណើរការអភិវឌ្ឍពុទ្ធិកបឋមសិក្សា ដែលជាមូលដ្ឋានដ៏រឹងមាំ នៃចំណេះដឹង។
៦-ពុទ្ធសាសនាថេរវាទកម្ពុជាមានធុរៈពីរ គឺវិបស្សនាធុរៈមួយនិងគន្ថធុរៈមួយ ដែលធុរៈទាំងពីរ នេះកំពុង ធ្វើចលនានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ពុទ្ធសាសនាឱ្យមានការ រីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជារួមជាមួយ គណៈសង្ឃរាជធានី-ខេត្ត គណៈសង្ឃក្រុង-ស្រុក-ខណ្ឌ និងគណៈសង្ឃវត្តដោយសហការជាមួយមន្ទីរ ធម្មការនិងសាសនារាជធានី-ខេត្ត បន្តចលនាពុទ្ធបរិស័ទ ឱ្យចូលរួមបដិបត្តិសមថកម្មដ្ឋាននិងវិបស្សនា កម្មដ្ឋាននៅតាមវត្តអារាមនិងមណ្ឌលវិបស្សនាទូទាំងប្រទេស សំដៅលើកកម្ពស់សុខភាពផ្លូវចិត្តនិង បញ្ញាស្មារតីឱ្យមានភាពរឹងមាំនិងល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























