Wednesday, November 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយមិនពិតរបស់គណនី TikTok អនាមិកឈ្មោះ «បក្សីចាំក្រុង» ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្លឹបពេជ្រលើមេឃ

រាជធានីភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការផ្សាយចោទប្រកាន់ដោយគ្មាន មូលដ្ឋាន មានចរិតញុះញុង បំភ្លៃការពិតរបស់គណនីអនាមិក ឈ្មោះ «បក្សីចាំក្រុង» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាកងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនាមអង្គភាពចូលរួមអនុវត្តន៍ច្បាប់គ្រឿងញៀន បានអំពាវនាវដល់សាធារណជនសូមប្រុងប្រយ័ត្ន ចំពោះគណនីមួយនេះ ដែលតែងតែផ្សាយព័ត៌មានមិនពិត ព្រមទាំងវាយប្រហារមកលើថ្នាក់ដឹកនាំ និងមន្ត្រីដែលបានខិតខំបង្ក្រាបបទល្មើស ទន្ទឹមនឹងនេះមន្ទីរប្រឆាំងគ្រឿងញៀន ក៏កំពុងធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកម្ចាស់គណនី TikTok នេះយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ។

ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ថ្មីៗនេះមានគណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង» បានបង្កើតព័ត៌មានមិនពិតដែលធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំង ខារ៉ាអូខេឈ្មោះពេជ្រលើមេឃ (ដាយអឺម៉ិន ស្តាយ អ៊ិនធើធេនម៉ិន ( DIAMOND SKY ENTERTAINMENT) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយ TikTok ជនអនាមិកនោះបានចោទប្រកាន់ថា «ជនជាតិចិនគេចាប់បាន ជាង២០០នាក់ ត្រូវបានដោះលែងដោយប្រធានមន្ទីរគ្រឿងញៀន លោក យឹង សារ៉ាត់ ជាមួយនឹងថ្ងូរលុយម្នាក់ ៣០០០០$ និងចាយលុយ ១លានដុល្លារឱ្យបើកក្លឹបដំណើរការធម្មតាវិញធ្វើព្រងើយ បើរដ្ឋាភិបាលបណ្ដោយឱ្យ មានមន្ត្រីពុករលួយចឹង រាស្ត្ររស់នៅយ៉ាងម៉េច»។

មន្ទីរប្រឆាំងគ្រឿងញៀន សូមប្រកាសច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការផ្សាយចោទប្រកាន់ដោយគ្មាន មូលដ្ឋាន មានចរិតញុះញុង បំភ្លៃការពិតរបស់គណនីអនាមិកនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន ក៏ដូចជាកងកម្លាំងទាំងអស់របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែល បាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ហារបស់រាជរដ្ឋាភិបាល លើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជុំវិញការបង្ក្រាបបទល្មើសគ្រឿងញៀននៅទីតាំងខារ៉ាអូខេឈ្មោះពេជ្រលើមេឃ មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ម៉ោង០០ និង ៣០នាទីទៀបភ្លឺ កម្លាំងជំនាញមន្ទីរដោយទទួលបានគោលការណ៍ថ្នាក់ដឹកនាំ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើ ការបង្ក្រាបជាក់ស្ដែងករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំង ខារ៉ាអូខេខាងលើ ស្ថិតលើផ្លូវតិរវិធីឆ្នេរទន្លេ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ដោយលទ្ធផលចាប់ខ្លួន មនុស្សសរុបចំនួន ២៥៧នាក់(ស្រី១០៧នាក់) ក្នុងនោះជនជាតិខ្មែរ ៦២នាក់ (ស្រី២២នាក់) ជនជាតិបរទេសចំនួន ១៩៥នាក់ (ស្រី៨៥នាក់) និងចាប់យកសារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៩១.៨៧ក្រាម។ តាមការស៊ើបអង្កេត តាម ការស្ដាប់ចម្លើយ និងតាមការធ្វើតេស្តទឹកម៉ូត មន្ត្រីជំនាញយើងបានស្រាវជ្រាវរកឃើញ មានអ្នកពាក់ព័ន្ធការប្រើប្រាស់ គ្រឿងញៀនចំនួន ៣៥នាក់(ស្រី២០នាក់) ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ (ស្រី៥នាក់) ចិន២៤នាក់ (ស្រី ១៤នាក់) ជប៉ុន១នាក់ (ស្រី) កូរ៉េ៤នាក់(ប្រុស) ដោយត្រូវបានបណ្ដេញចេញចំនួន៣៤នាក់ (ស្រី២០នាក់) និងបញ្ជូនទៅមណ្ឌលព្យាបាលគ្រឿងញៀន០១នាក់ ជនជាតិកូរ៉េ សញ្ជាតិខ្មែរ។ ស្ថិតក្នុងរង្វង់កិច្ចប្រតិបត្តិការអ្នកពុំពាក់ព័ន្ធ បទល្មើសចំនួន២១១នាក់ (ស្រី៧៩នាក់) ក្នុងនោះជនជាតិខ្មែរចំនួន៦២នាក់ ជនបរទេសចំនួន១៤៩នាក់ ត្រូវបានធ្វើ ការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។ ចំពោះអ្នកពាក់ព័ន្ធបទល្មើសចំនួន ១១នាក់ (ស្រី០៥នាក់) ជន ជាតិចិន និងវត្ថុតាងគ្រឿងញៀន មន្ទីរបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ វិធានការបន្ត តាមនីតិវិធី។

ជាថ្មីម្តងទៀត មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនាមអង្គភាពចូលរួមអនុវត្តច្បាប់គ្រឿងញៀន សូមប្រកាសច្រាន ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនី TikTok អនាមិក ឈ្មោះ «បក្សីចាំក្រុង» នេះ និង សូមប្រុងប្រយ័ត្នចំពោះគណនីមួយនេះតែងតែផ្សាយព័ត៌មានមិនពិត ព្រមទាំងវាយប្រហារមកលើថ្នាក់ដឹកនាំ និងមន្ត្រី ដែលបានខិតខំបង្ក្រាបបទល្មើស ទន្ទឹមនឹងនេះមន្ទីរក៏កំពុងធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ រកម្ចាស់គណនី TikTok នេះយកមកចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×