ភ្នំពេញ ៖ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែលបានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយស្តីពីស្ថានភាព ដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងកើតឡើងជាដើម។ សកម្មភាពបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចលក្នុងចំណោមសាធារណជន។
សកម្មភាពទាំងនេះជាទង្វើមិនត្រឹមត្រូវ បំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន ប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរក្សាស្ថិរភាព និងជីវភាពប្រក្រតីក្នុងសង្គម និងធ្វើឱ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្នកសារព័ត៌ មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ទង្វើបែបនេះ មិនត្រូវឱ្យមានកើតមានឡើងឡើយ ពិសេសក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះ។
ដើម្បីលើកកម្ពស់ការផ្សាយ និងចែករំលែកព័ត៌មានលើបណ្ដាញសង្គម ដោយការទទួលខុសត្រូវ ដើម្បី ចូលរួមធានាសុវត្ថិភាពព័ត៌មានសាធារណៈ ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋទាំងអស់ ដូចតទៅ៖
១-សូមបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយ ចែករំលែក ឬប្រើប្រាស់រូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-ថៃ ឬបញ្ហាផ្សេងទៀត។ សូមចូលរួមផ្សាយ និងចែករំលែកតែព័ត៌មាន និង បច្ចុប្បន្នភាពពិត សម្រាប់ជាការរួមចំណែកក្នុងការធានាសុវត្ថិភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ និង ទុកចិត្តបានក្នុងចំណោមសាធារណជន។
២-ត្រូវចូលរួមលើកកម្ពស់សីលធម៌សង្គម និងគោរពក្រមសីលធម៌នៅក្នុងការផលិត និងផ្សាយព័ត៌មាន លើបណ្តាញសង្គម។ ត្រូវចៀសវាងការផ្សាយ ឬចែករំលែកព័ត៌មានដែលបង្កភាពចលាចល ការញុះញង់ឱ្យ មានអំពើអសកម្ម អំពើអសីលធម៌ក្នុងសង្គម ឬប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម និងជាតិសាសន៍។
៣-ត្រូវចូលរួមលើកកម្ពស់ការផ្សាយដោយសុក្រឹត និងមានយោងប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹង រឿងព្រំដែនកម្ពុជា-ថៃ ដោយមិនត្រូវបំភ្លៃ កាឡៃព័ត៌មាន ឬរូបភាព ដែលបង្កការភាន់ច្រឡំក្នុងសាធារណៈ និងភាពវឹកវរក្នុងសង្គមឡើយ។ អ្នកបង្កើតមាតិកា ត្រូវពិនិត្យលើខ្លឹមសារ ដោយផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការ ដើម្បីធានាសុក្រឹតភាពនៃព័ត៌មាននោះ មុននឹងផ្សព្វផ្សាយ រួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាការផ្តល់ព័ត៌មានពិតជូនដល់សាធារណជន។
៤-ត្រូវចូលរួមក្នុងការរក្សាសុវត្ថិភាពរបស់កងទ័ព ការសម្ងាត់យោធា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សង្គម។ សូមកុំផ្សព្វផ្សាយរូបភាពដែលបង្ហាញសកម្មភាពនិងចំនួនកងទ័ព លេណដ្ឋាន យុទ្ធោបករណ៍គប់ ប្រភេទ ការចល័តទ័ព និងព័ត៌មានទាក់ទងនឹងការសម្ងាត់របស់កងទ័ព។
៥-សូមចូលរួមលើកកម្ពស់ការគោរពច្បាប់ និងរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋលើអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងគុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។ មិនត្រូវផ្សាយ ឬចែករំលែកព័ត៌មាន ដែលច្បាប់ បានហាមឃាត់ឡើយ។
ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ទូទៅ មេត្តាកុំជឿ និងកុំចែកចាយលើរូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ទាំងនេះ ឬវីដេអូចាស់ ប៉ុន្តែបំភ្ល ដោយដាក់ថ្ងៃខែឆ្នាំថាជាហេតុការណ៍ថ្មី។
៦- សូមកុំចែករំលែកព័ត៌មានក្លែងក្លាយ និងព័ត៌មានទាក់ទងនឹង សន្តិសុខជាតិ ហើយជានិច្ចជាកាល ត្រូវផ្ទៀងផ្ទាត់រាល់ព័ត៌មាន ដែលទទួលបានពីបណ្តាញសង្គម។ សូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ កុំចែករំលែកព័ត៌មាន មានការសង្ស័យថាមិនពិត។ សូមទទួលព័ត៌មានពីប្រភពផ្លូវការគឺ ១)ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ២)ក្រសួង ការពារជាតិ, ៣)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ៤)ក្រសួងព័ត៌មាន, ៥)អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា, ៦)ឥស្សរជនជាតិ, ព្រមទាំងប្រភពសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវ។
ក្រសួងព័ត៌មានសង្ឃឹមថា អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួម អនុវត្តតាមសេចក្ដីណែនាំនេះឱ្យបានត្រឹមត្រូវ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការ លើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ដើម្បីធានាបរិយាកាសប្រក្រតី លើកតម្កើងសីលធម៌ សង្គម តាមរយៈការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត សុវត្ថិភាព និងការពារសិទ្ធិប្រជាពលរដ្ឋក្នុងការទទួល ព័ត៌មានត្រឹមត្រូវអនុលោមតាមគោលការណ៍ច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ការមិនអនុវត្តតាមសេចក្ដីណែនាំនេះ នឹងអាចត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី




