Wednesday, November 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍កម្ពុជា អញ្ជើញជួបប្រជុំ នាយិកាការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងបានជម្រាបជូនបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ

(ទីក្រុងហ្ស៊ឺណែវ) ៖ ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយលោកជំទាវ Tatyana Valovaya នាយិកា ការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាន។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្ថានភាពតាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ការឡោមព័ទ្ធភូមិ និងការបដិសេធរបស់ប្រទេសថៃក្នុងការបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ ត្រឡប់ទៅវិញ ទោះបីជាមានការព្រមព្រៀងពីមុនក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា ការចោទប្រកាន់របស់ប្រទេសថៃអំពីឧប្បត្តិហេតុផ្ទុះមីនថ្មី នៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗ។ កំណត់ត្រាសកម្មភាពមីនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះពិភពលោកដែលគ្មានមីន ហើយមិនមានមូលដ្ឋានគួរឱ្យទុកចិត្តដើម្បីបង្ហាញថាជាការដាក់មីនថ្មីនោះទេ។ កម្ពុជាមិនមានផលប្រយោជន៍ក្នុងការដាក់មីនថ្មីទេ។ កម្ពុជាមិនដែលធ្វើដូច្នេះទេ ហើយក៏នឹងមិនធ្វើដូច្នេះឡើយ។

ការចោទប្រកាន់នេះត្រូវបានប្រើជាលេសដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបង្កើនភាពតានតឹង។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតអំពីការបាញ់ប្រហាររបស់ទាហានថៃកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបានសម្លាប់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសបីនាក់ផ្សេងទៀត និងការរំលោភសេពសន្ថវៈលើពលករចំណាកស្រុកកម្ពុជាម្នាក់ដោយទាហានថៃចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាហេតុការណ៍ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ទង្វើបែបនេះគឺជាការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានស្នើអង្គការសហប្រជាជាតិបន្តពិនិត្យតាមដាន និងគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×