រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋរវ៉ន់ដា។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរ ទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។ គួរឱ្យកត់សម្គាល់ថា ទស្សនកិច្ចនេះបានប្រព្រឹត្តិទៅមួយថ្ងៃមុនការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៤៦ ដែលក្នុងឱកាសនោះនឹង មានពិធីប្រគល់តំណែងជាប្រធាននៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលនៃទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួប ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមដោយគណៈប្រតិភូកម្ពុជាបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅបូជនីយដ្ឋានប្រល័យពូជសាសន៍ទីក្រុងគីហ្គាលី ដែលជាកាយវិការគោរពដល់ជន រងគ្រោះនៃអំពើប្រល័យពូជសាសន៍រវ៉ាន់ដា ក្នុងឆ្នាំ១៩៩៤។
ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva។ ក្នុងអំឡុង ពេលជួបសម្តែងការគួរសម ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ដា។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មូលបទ និម្មិតសញ្ញា បញ្ហាភស្តុភារ និងការងារពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។
នៅក្នុងជំនួបទាំងបីខាងលើ ឯកឧត្តម ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាព តានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង ពេញលេញរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាសាក្សី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











