Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការវិភាជន៍ថវិកាគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល ៖ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយនឹងរដ្ឋបាលខេត្តកណ្តាល និងអង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការវិភាជន៍ថវិកា គាំទ្រអនុវត្តការងារគណនេយ្យភាពសង្គម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តកណ្តាល។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសឱ្យក្រសួង ស្ថាប័ន សមាជិក សមាជិកានៃក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត រាជធានី និងអ្នកពាក់ព័ន្ធ បានសិក្សាស្វែងយល់អំពីការអនុវត្តល្អៗ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកជុំវិញការងារគណនេយ្យភាពសង្គម និងដំណើរការនៃការវិភាជន៍ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីដំណើរទស្សនកិច្ចនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងការគិតគូរអំពីការធានានូវនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ក្រោយពេលការដកថយរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលតាមរយៈការបញ្រ្ជាបការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាបានបែងចែកថវិកាសម្រាប់គាំទ្រដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម
សំដៅធានានូវនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គិតត្រឹមឆ្នាំ២០២៥ ការអនុវត្តការងារគណនេយ្យភាពសង្គម បាននិងកំពុងអនុវត្តនៅក្នុងក្រុង ស្រុក ខណ្ឌគោលដៅចំនួន១៩០ នៃរាជធានី ខេត្តចំនួន២៥ ដោយគ្របដណ្តប់លើការផ្តល់សេវារបស់រដ្ឋបាលឃុំសង្កាត់ចំនួន១.៥៥០ស្មើនឹង៩៤% នៃឃុំ សង្កាត់
ទូទាំងប្រទេសសាលាបឋមសិក្សាចំនួន៦.៩២២ ស្មើនឹង៩៤%នៃសាលាបឋមសិក្សាទូទាំងប្រទេស មណ្ឌលសុខភាពចំនួន១.២៥៦ ស្មើនឹង៩៦% នៃមណ្ឌលសុខភាពទូទាំងប្រទេស និងការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៥៤ ស្មើនឹង២៦% នៃក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

នៅក្នុងការចូលរួមចំណែកគាំទ្រការអនុវត្តផែនការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ISAF II) លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលការគាំទ្រថវិកាពីរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្រ្តាលីតាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក ដោយបាននឹងកំពុងអនុវត្តនៅក្នុងនៅក្នុងក្រុង ស្រុក ខណ្ឌគោលដៅចំនួន១០២ នៃរាជធានី ខេត្តចំនួន២០ ដោយគ្របដណ្តប់លើការផ្តល់សេវារបស់រដ្ឋបាលឃុំ សង្កាត់ចំនួន៨៦៥ ស្មើនឹង៥២% នៃឃុំ សង្កាត់ទូទាំងប្រទេស សាលាបឋមសិក្សាចំនួន៣.៩០៣ ស្មើនឹង៥១% នៃសាលាបឋមសិក្សាទូទាំងប្រទេស មណ្ឌលសុខភាពចំនួន៦៩៤ ស្មើនឹង៥៣% និង ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន២០ ស្មើនឹង១០% នៃក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ISAF II) បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនៃកម្មវិធីទស្សនកិច្ចសិក្សានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង»។

លោកស្រី Manuela Faria, ប្រធានដឹកនាំក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ធនាគារពិភពលោក មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះ ដែលបង្កើតឡើងដោយផ្អែកលើវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ការទទួលខុសត្រូវសង្គម និងពង្រឹងភាពជាម្ចាស់របស់រដ្ឋាភិបាល។ តាមរយៈការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងកំពុងចូលរួមបង្កើននូវតម្លាភាពការទទួលខុសត្រូវ និងសេវាធារណៈប្រកបដោយបរិយាបន្ន ដែលជាអាទិភាពគន្លឹះសម្រាប់កិច្ចការងារអភិវឌ្ឍប្រទេសកម្ពុជាសម្រាប់បង្កើនឱកាស និងការងារសមរម្យដល់ប្រជាពលរដ្ឋរបស់ខ្លួន»។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានលើកឡើងថា៖ «តាមរយៈការផ្លាស់ប្ដូរនេះ យើងរៀនពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបម្រើប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែប្រសើរឡើង និងធានាបាននូវអភិបាលកិច្ចដែលមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាកាន់តែប្រសើរឡើង»។

លោក លឹម ប៊ុន នាយកគម្រោងការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីកែលម្អការផ្តល់សេវាតាមរយៈគណនេយ្យសង្គមនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងគាំទ្រអោយមានទស្សនៈកិច្ចសិក្សានេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការ
ពង្រឹងអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់តម្លាភាព គណនេយ្យភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងធានាថាសំលេងរបស់ប្រជាពលរដ្ឋត្រូវបានឭក្នុងការផ្តល់សេវា»។
សរុបជារួមការអនុវត្តការងារគណនេយ្យភាពសង្គម ដែលដឹកនាំ និងសម្របសម្រួលដោយលេខាធិការដ្ឋាន
គ.ជ.អ.ប. បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចនៅមូលដ្ឋានឆ្លើយតបនឹង ការងារកំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×