ភ្នំពេញ ៖ ចំពោះប្រជាពលរដ្ឋស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង ឯកឧត្តម ពេញ ធារម្យ អភិរងរាជធានីភ្នំពេញបានឱ្យលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឆ្លើយជូនប្រជាពលរដ្ឋ ដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ បញ្ជាក់ថា ចាំពិភាក្សាជាមួយនឹងប្រធានការិល័យអប់រំខណ្ឌបន្ថែមទៀតថា យើងអាចដំឡើងពីអនុទៅវិទ្យាល័យបានដែរឬអត់ ព្រោះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ ព្រោះក្រសួងអប់រំបានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ហើយត្រូវដំឡើងជាវិទ្យាល័យយើងត្រូវជជែកគ្នានូវលក្ខន្តិកៈច្រើន។
ពាក់ព័ន្ធនឹងការបង្រ្កាបក្រុមក្មេងទំនើង លោកស្រីអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា៖សមត្ថកិច្ចគ្រប់ទាំងអស់ក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្រ្កាបបានទាំងអស់ តែនៅមានចន្លោះបន្តិចបន្តួច ហើយការបង្រ្កាបនោះ គឺបង្រ្កាបរហូតចំណែកក្រុមក្មេងទំនើងនៅចោមចៅ សូមឲ្យមេប៉ុស្តិ៍សហការជាមួយមន្រ្តីជំនាញ ដើម្បីបង្រ្កាបឲ្យខាងតែបាន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំឡើងក្នុងបរិវេណវត្តតាំងកសាងខាងជើង ក្នុងសង្កាត់កាកាបទី២ខណ្ឌពោធិសែនជ័យនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រោមអធិបតីឯកឧត្តមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងឯកឧត្តម ពេញ ធារម្យ អភិបាលរងតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងវេទិការសាធារណៈនេះដែរប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យបានលើកឡើងជាសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន១៧ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការស្នើសុំធ្វើផ្លូវបេតុងនិងធ្វើប្រព័ន្ធលូ ជាច្រើនខ្សែ ,ស្នើរបង្រ្កាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ស្នើសុំធ្វើជណ្តើរឡើងរថយន្តក្រុងសាធារណៈសម្រាប់ជនពិការ ,សុំធុងសំរាមសម្រាប់ដាក់សំរាមព្រោះប្រជាពលរដ្ឋបានទិញធុងសំរាមដាក់ខ្លួនឯង ,ស្នើសុំជំនួយការសម្រាប់ជនពិការ ស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង និងស្នើសុំជួសជុលសួនច្បារផ្សារសិនជូរីផ្លាហ្សាដែលផ្សារខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្តនិងហាត់ប្រាណ ស្នើសុំកែសម្រួលបង្គោលភ្លើងរបស់អឺដេសេដែលសង់លើប្រពន្ធលូ ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ដីសហគមន៍ ព្រោះដីគាត់មិនទាន់មានបណ្ណកម្មសិទ្ធិ។
ឯកឧត្តម ពេញ ធារម្យ អភិរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកានេះមានសារៈសំខាន់ណាស់ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ ។
ក្នុងនោះឯកឧត្តមអភិបាលរងរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ឯកឧត្តមបានលើកឡើងទៀតថា៖ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន ៤៨ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចនិងអាជ្ញាធរនៅពេលឃើញមានសកម្មភាពចោរកម្ម ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចដើម្បីមានវិធានការបង្រ្កាបឲ្យទាន់ពេលវេលា។
ក្នុងឱកាសនោះដែរឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថាវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានជូនដល់ប្រជាពលរដ្ឋ ក្នុងការ ចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ៕ រក្សាសិទ្ធដោយ៖សុទ្ធលី























