ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះនៅតែមានអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តនូវកំហុសខាងក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឲ្យមានការរិះគន់ និងអាចប្រឈមនឹងផ្លូវច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់សាធារណជន និងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។
ក.អ.ក មិនចាត់ទុកករណីកំហុសឆ្គងខាងលើនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មានត្រូវបន្តយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ។ ជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបានពិសេសអ្នកផ្សាយផ្ទាល់ពីទីកន្លែងកើតហេតុដែលជាហេតុនាំឱ្យរងការរិះគន់ និងប្រឈមផ្លូវច្បាប់ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។
ក.អ.ក ចាត់ទុកក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានរួចផុតពីការរិះគន់ និងប្រឈមផ្លូវច្បាប់នោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។
ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ សំខាន់ចៀសវាងការប្រើអារម្មណ៍ដើម្បីអត្ថាធិប្បាយ ឬវិនិច្ឆ័យព័ត៌មាន ត្រូវប្រុងប្រយ័ត្នក្នុងការប្រើពាក្យពេចន៍ក្នុងពេលកំពុងផ្សាយផ្ទាល់ ផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់មុននឹងចេញផ្សាយព័ត៌មានជាសាធារណៈ ធ្វើយ៉ាងណាទទួលបានទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់។
ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគមសារព័ត៌មានផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី





