ស្វាយរៀង ៖ សាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី រំដោះជនជាប់ចោទចំនួន ៦នាក់ នៅក្នុងបរិវណ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សូមជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៥២នាទីព្រឹក នៅក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានស្ត្រីជាជនជាតិវៀតណាមម្នាក់ឈ្មោះង្វៀង ធីហាយវ៉ាន់ បានចូលមករំដោះជនជាប់ចោទជាជនជាតិវៀតណាមចំនួន៥នាក់ និងជនជាតិ ខ្មែរចំនួន១នាក់ ក្នុងចំណោមជនជាប់ចោទទាំងចំនួន៩នាក់ដែលមន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀង នាំមកសវនាការ ដោយឆ្លៀតក្នុងពេលមន្ត្រីអនុរក្សពន្ធនាគារដាក់ជនជាប់ចោទទាំងចំនួន៩នាក់ចុះពីរថយន្ត ដើម្បីនាំទៅសាលសវនាការ ស្ត្រីជាជនជាតិវៀតណាមម្នាក់ខាងលើ បានប្រគល់អាវុធខ្លីឱ្យទៅប្តីខ្លួនឈ្មោះ ផាម វ៉ាន់បាវ ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងចំនួន៩នាក់។
នៅពេលទទួលបានអាវុធខ្លីភ្លាម ជនជាប់ចោទរូបនោះ បានបាញ់គំរាមលើកម្លាំងមន្ត្រីអនុរក្សពន្ធនាគារ រួចនាំជនជាប់ចោទចំនួន៦នាក់ រត់ឡើងរថយន្តមួយគ្រឿងម៉ាកLexus CT2ooh ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CA-0692 បានចតរង់ ចាំនៅខាងក្រៅបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង រួចបើករត់គេចខ្លួនបាត់។ ក្រោយពីធ្វើសកម្មភាពរំដោះជនជាប់ចោទទាំង៦នាក់ភ្លាមៗ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលគ្រប់ក្រុង.ស្រុក កម្លាំងកងរាជអាវុធហត្ថខេត្ត ស្វាយរៀង កម្លាំងកងរាជអាវុធហត្ថគ្រប់ក្រុង.ស្រុក កម្លាំងអនុរក្សពន្ធនាគារខេត្តស្វាយរៀង កម្លាំងអគ្គនាយក ដ្ឋានពន្ធនាគារ និងកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមកហាផ្ទៃ ប្រតិបត្តិការនេះ ដឹកនាំ សម្របសម្រួលដោយឯកឧត្តមខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានប្រដេញ និងចាប់ជនជាប់ចោទទាំង៦នាក់ និងស្ត្រី១នាក់ជាមេខ្លោងបានមកវិញ ត្រឹមម៉ោង៥ល្ងាច នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងភូមិខ្នាយ ឃុំរមាំងថ្កោល និងនៅភូមិសស្ទ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បច្ចុប្បន្នជនជាប់ចោទទាំង៦នាក់ដែលរត់គេចខ្លួន និងស្ត្រីម្នាក់ដែលចូលមករំដោះជនជាប់ចោទដូចខាងលើ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កំពុងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




