Friday, November 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារ លើដីជាក់ស្តែងចន្លោះបង្គោលព្រំដែនលេខ42-47 ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42-47 ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
១- ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិង ស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយ គណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ ការងារ វាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោល ព្រំដែនលេខ42 ដល់ 47 ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើ មូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ២- កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន
ចន្លោះបង្គោលលេខ42-47 ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្តែងនៅឡើយ។ ៣- ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារ ចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្ដែងចាប់ពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ42-47 ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការបន្តអនុវត្ត ការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង សបតាមខ្លឹមសារន អនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស(Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។
សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមលើកទឹកចិត្តឱ្យមានការចែករំលែក និងផ្សព្វផ្សាយ សេចក្តីប្រកាសព័ត៌មាននេះឱ្យបានទូលំទូលាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×