Friday, November 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញឲ្យប៉ុស្តិ៍និងសង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក.បានជំរុញឲ្យប៉ុស្តិ៍និងសង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងរាជធានីភ្នំពេញដើម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅពេលមានបញ្ហាអ្វីមួយយើងអាចទាក់ទងជួយពួកគាត់បានភ្លាមៗ។

ការជំរុញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ដោយពិធីនេះបានប្រកាសតែងតាំហឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយសគណៈកម្មាធិការ អ.ន.ក.រាជធានី,លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលរាជធានី និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន ជាមួយនិងការប្រកាសជាសមាជិកជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា៖ អតីតយុទ្ធជននិងនិវត្តជនពួកគាត់ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹម ពួកគាត់។ បន្ថែមពីនេះ ឯកឧត្តមបានណែនាំឲ្យប៉ុស្តិ៍ សង្កាត់ បើមានអតីតយុទ្ធជននិងនិវត្តជនណាម្នាក់ស្លាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមបុណ្យសពរបស់គាត់ដល់ផ្ទះ។
ឯកឧត្តម បានបន្តថា៖ រាជធានីភ្នំពេញមានទំហំធំណាស់ ដូច្នេះការងារពាក់ព័ន្ធនឹងអតីតយុទ្ធជននិងនិវត្តជន ក៏មានទំហំការងារធំណាស់ដែរ ដោយនៅរាជធានីភ្នំពេញមានអតីតយុទ្ធជននិងនិវត្តជន រហូតទៅដល់ជិត៤ម៉ឺននាក់ ហើយកិច្ចការងារនេះគឺសម្ដេចព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនបានយកចិត្តទុកដាក់ខ្លាំងណាស់។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាព គណៈកម្មាធិការរាជធានី គឺជាការ ជំរុញបន្ថែមទៀតនូវការសម្របសម្រួលនិងការយកចិត្តទុកដាក់ពី សំណាក់ថ្នាក់ដឹកនាំសមាគមរាជធានីជូន អតីយុទ្ធជននិងនិវត្តជនក្នុង មូលដ្ឋានរបស់ខ្លួន។
ឯកឧត្ដម កិត្តិសង្គហ បណ្ឌិត គន់ គីម បានបន្តថា៖សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បី បុព្វហេតុរំដោះជាតិនាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ 

ក្នុងឱកាសនោះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងការកោតសរសើរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខបងប្អូនអតីតយុទ្ធជននិងវិវត្តជននៅរាជធានីភ្នំពេញនិងចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការខណ្ឌ និងរដ្ឋបាលខណ្ឌទាំងអស់ នៅទូទាំងរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់មើលថែ អតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ 
បន្ថែមពីលើនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំងថ្មី ក្នុងឱកាសនោះបានសម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដែលបានផ្ដល់ទំនុកចិត្តតែងតាំងឯកឧត្តម បានធ្វើជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោហ៊ុន សែន ឯកឧត្តមឃួង ស្រេង សូមប្តេជ្ញាចិត្តគោរពតាម ការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។

ប្ដេជ្ញាចិត្តគោរពនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម ,យកចិត្តទុក ដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
ក្នុងឱកាសនោះឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីមបានផ្ដល់សម្ភារបរិក្ខារមួយចំនួនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ សម្រាប់បម្រើការងារហើយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជននិងនិវត្តជននៅរាជធានីភ្នំពេញក្នុងម្នាក់១០ម៉ឺនរៀលផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×