ព្រៃវែង ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបអំពី ករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖
អង្គហេតុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង២០និង០០នាទី លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង បានចុះល្បាតតាមភូមិសាស្ត្រ ដោយមានការឯកភាពពីលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។ នៅវេលាម៉ោង២២និង០០នាទី បានប្រទះឃើញជនសង្ស័យកំពុងឆក់ត្រី នៅចំណុចភូមិពាមពពិល ឃុំរាប ស្រុកពារាំង ហើយក៏បានសំដៅទៅជនសង្ស័យ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកនូវម៉ូតូ ១គ្រឿង ម៉ាកហុងដា C.125 ពណ៌ខ្មៅ ស្លាកលេខ ១M-៣០៣៣, ដុំឆក់ ១, ពិល ១, ខ្សែភ្លើងប្រវែង ៤ម៉ែត្រ និងកន្ត្រកដាក់ត្រី ១។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
អំពីវិធានការ៖ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បាននិងកំពុងចាត់វិធានការត្រួតពិនិត្យចំពោះបុគ្គលចំនួន២រូប៖ ១-វរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និង២-អនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនជ្រាប ក្រោយពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតចប់តាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


