ភ្នំពេញ ៖ ទិវានេះរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង ការស្រឡាញ់បរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ជាពិសេសជំរុញចលនាចូលរួមក្នុង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញបន្តបន្ទាប់ និងជាជំហានៗ ផ្តោតទៅលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។
សូមចូលរួមអបអរសាទរ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ឆ្នាំ២០២៥ ទាំងអស់គ្នា! ក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា រៀងរាល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺជា ទិវាអនាម័យបរិស្ថានជាតិ។ សម្រាប់ឆ្នាំ២០២៥ នេះ ទិវាជាតិដ៏មានអត្ថន័យនេះ ប្រារព្ធឡើងក្រោមប្រធានបទដ៏សំខាន់គឺ “ទម្លាប់ស្អាត គ្រួសារស្អាត និងបរិស្ថានល្អ”។
ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ស្មារតីស្នេហាអនាម័យ និងបរិស្ថានដល់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យ និងសោភ័ណភាពនៅតាមផ្ទះ ទីប្រជុំជន សាលារៀន ទីសាធារណៈ និងគ្រប់ទីកន្លែងទាំងអស់ តាមរយៈការអនុវត្តទម្លាប់ប្រចាំថ្ងៃប្រកបដោយអនាម័យ។
ការបង្កើតទម្លាប់រស់នៅស្អាត មិនត្រឹមតែជួយឱ្យគ្រួសារមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងបរិស្ថានមួយដែលស្អាត បៃតង និងមានចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួង។
សូមចូលរួមទាំងអស់គ្នា ដើម្បីផ្លាស់ប្តូរទម្លាប់ និងធានាថាបរិស្ថាននៅជុំវិញយើងមានភាពស្អាតជានិច្ចសម្រាប់សុខុមាលភាពរួម៕រក្សាសិទ្ធដោយ៖សុទ្ធលី








