ខេត្តកំពង់ឆ្នាំង ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចេញសេចក្តីបំភ្លឺជុំវិញករណីប៉ុនប៉ងរំលោភសេពសន្ថវៈនិងប៉ុនប៉ងមនុស្សឃាត ជនសង្ស័យឈ្មោះ ឈុំ វុទ្ធី ហៅពេទ្យលី
ប្រភពព័ត៌មានរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាលោក ឈុំ វុទ្ធី ហៅពេទ្យលី នេះដើរផ្ដល់សេវាសុខភាពឱ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយូរឆ្នាំមកហើយពេទ្យរូបនេះគ្មានសញ្ញាបត្រទទួលស្គាល់ពីមន្ទីរសុខាភិបាលឬក្រសួងសុខាភិបាលឡើយ។
បច្ចុប្បនសកម្មភាពរបស់ពេទ្យលី គឺជ្រកក្រោមស្លាកបន្ទប់ថែទាំឬបន្ទប់ពិគ្រោះ របស់កូនស្រីគាត់ជាគ្រូពេទ្យដែលមានក្របខ័ណ្ឌនិងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ដូច្នេះករណីនេះមន្ទីរសុខាភិបាលត្រូវអនុវត្តវិធានការចំពោះបុគ្គលនេះជុំវិញបញ្ហាដើរព្យាបាលប្រជាពលរដ្ឋគ្មានច្បាប់អនុញ្ញាត។
ករណីឈ្មោះ ឈុំ វុទ្ធី ហៅពេទ្យលី ដែលចូលទៅផ្ទះស្ត្រីមេម៉ាយកណ្ដាលអធ្រាត្រប៉ុនប៉ងចាប់រំលោភនោះគឺពាក់ព័ន្ធទៅនឹងរឿងស្នេហា ត្រីកោណ ក្នុងខណៈពេលដែលខ្លួនមានប្រពន្ធទៅហើយបែរជាទៅសុំស្នេហាស្ត្រីមេម៉ាយរងគ្រោះទៅវិញ។
ដោយសារល្បែងកាមគុណមិនបានដូចបំណងធ្វើឲ្យលោកឈុំ វុទ្ធី ហៅពេទ្យលី ក្តៅក្រហាយ អន្ទះសារ តាំងពីយប់រហូតដល់ព្រឹកឡើង ឃើញស្ត្រីរងគ្រោះដើរតាមផ្លូវក៍យកកាំបិតផ្គាក់ដេញកាប់ស្ត្រីនោះរត់ផ្អើលពេញតូបលក់អីវ៉ាន់របស់អ្នកភូមិតែម្ដង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងសូមជម្រាបជូនដល់សាធារណៈជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានជាតិ បានជ្រាបថាៈ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគណនីហ្វេសបុកនិងសារព័ត៌មានផ្សេងៗទៀតបានផុស ស៊ែរ ករណីគ្រូពេទ្យ ចាប់ រំលោភស្រ្តីពេលយប់មិនបានសម្រេច ព្រឹកឡើងទាញកាំបិតដេញកាប់ផ្អើលពេញភូមិនៅស្រុកទឹកផុស។ ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការបំភ្លឺពីដំណើររឿងជូន សាធារណៈជន ដូចខាងក្រោមៈ
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥៦នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីប៉ុនប៉ងរំលោភសពសន្ថវៈបង្កដោយជនសង្ស័យឈ្មោះ ឈុំ វុទ្ធី (ហៅពេទ្យលី) ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជាមួយគ្ន បានជិះម៉ូតូចូលផ្ទះជនរងគ្រោះ និងបានឡើងតាមជណ្តើរចូលតាមបង្អួចមិនមានចម្រឹង និងគ្មានគន្លឹះ ហើយធ្វើសកម្មភាពអោបទៅលើជនរងគ្រោះ ភេទស្រី អាយុ ៥៤ឆ្នាំ ក៏ប៉ុន្តែត្រូវបានជនរងគ្រោះរើបម្រះ ស្រែកហៅអោយគេជួយ ភ្លាមនោះ ជនសង្ស័យក៏ឈប់ធ្វើសកម្មភាពចុះត្រឡប់ទៅវិញ ក៏ជួបជាមួយកូនស្រ្តីរងគ្រោះ និងបានប្រតាយប្រតប់គ្នា ហើយបានដកសោរម៉ូតូទុក ចំណែកឯឈ្មោះ ឈុំ វុទ្ធី បានអូសម៉ូតូចេញទៅបាត់។
លុះព្រឹកឡើង ជនរងគ្រោះ បានដើរទៅហូបអាហារតាមដងផ្លូវលេខ៥៣ ក្បែរផ្ទះ ឈុំ វុទ្ធី ស្រាប់ តែឈ្មោះ ឈុំ វុទ្ធី ហៅពេទ្យលី បានទាញកាំបិតដេញកាប់ ទៅលើស្រ្តីជាជនរងគ្រោះ តែត្រូវបានអ្នកភូមិ ជួយឃាត់ និងបំបែកគ្នា។
ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងយេនឌ័រ សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស ចុះដល់កន្លែងកើត ដើម្បីស្វែងរងចាប់ខ្លួន ឈ្មោះ ឈុំ វុទ្ធី ហៅពេទ្យលី តែជននេះដឹងខ្លួន បានរត់គេចចេញពីផ្ទះបាត់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ពីបទៈ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងប៉ុនប៉ងមនុស្សឃាត និងបន្តសហការ ជាមួយស្នងការដ្ឋាននគរបាលរាជធានីខេត្តដ៏ទៃទៀត ស្រាវជ្រាវតាមចាប់ឈ្មោះ ឈុំ វុទ្ធី ហៅពេទ្យលើ យកមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីរកយុត្តិធម៍ និងភាពស្អាតស្អំជូនជនរងគ្រោះ៕រក្សាសិទ្ធដោយ៖សុទ្ធលី





