Monday, November 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី, អំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃនិងទាហានថៃគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអសបក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានចេញសេចក្តីសម្រេច ស្តីពី
បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ សេចក្តីសម្រេចរនេះបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC
នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សេចក្តីសម្រេចរបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានខ្លឹមសារយ៉ាងដូច្នេះថា ៖
●យើង ក្នុងនាមជាគណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីលើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល និង សារៈសំខាន់នៃសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលរួមមានមូលដ្ឋានគ្រឹះសង្គម វប្បធម៌ និងនយោបាយ ដែលបានចាក់ឫសគល់នៅក្នុងគោលការណ៍ការឯកភាពគ្នាក្នុងភាពចម្រុះ សាមគ្គីភាព បរិយាបន្ន និងយុត្តិធម៌ ជាកម្លាំងស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង សូមគាំទ្រចំពោះការដោះស្រាយជម្លោះដោយ សន្តិវិធីរវាង និងក្នុងចំណោមប្រជាជាតិ រដ្ឋ ឬគណបក្សនយោបាយ ការស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ ការផ្សះផ្សា និងសុខដុមរមនាអន្តរជាតិ។

●យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះនិងការបែកបាក់ ហើយសូមឆ្លៀតឱកាសនេះ
អបអរសាទរព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដែលបានសម្រេចនូវសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតី Donald J. Trump ចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួល ដោយនាយករដ្ឋមន្ដ្រី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ និងដោយមានការចូលរួម ប្រកបដោយស្ថាបនាពីសាធារណរដ្ឋប្រជាមានិតចិន និងសហគមន៍អន្តរជាតិនៅក្នុងដំណើរការសន្តិភាព។

●យើងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិ ចំពោះការអំពាវនាវឱ្យមាន សន្តិភាពនិងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលបទឈប់បាញ់របស់អាស៊ាន ចាប់តាំងពី ជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានទប់ស្កាត់ភាពតានតឹងកើនឡើង បន្ថែមទៀត និងបានជួយសង្គ្រោះអាយុជីវិតជាច្រើននាក់នៃភាគីជម្លោះទាំងពីរ។ យើងសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ដល់ជនភៀសសឹក បន្ទាប់ ពីជម្លោះបានបញ្ចប់ភ្លាម។

●យើងសូមសង្កត់ធ្ងន់អំពីការគាំទ្រយ៉ាងខ្លាំងក្លានិងពេញលេញរបស់យើង ចំពោះបទឈប់បាញ់ និង
កិច្ចព្រមព្រៀងសន្តិភាព ហើយស្នើឱ្យភាគីទាំងពីរគោរពនិងអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយស្មោះត្រង់ ស្របតាមលក្ខខណ្ឌ និងគោលបំណងនៃកិច្ចព្រមព្រៀង។ ក្នុងន័យនេះ យើងសូមជំរុញឱ្យមានការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាពិសេសគ្រាប់បែកចង្កោម និងសំណល់គ្រាប់សង្គ្រាមផ្សេងទៀត ដើម្បី ស្ដារស្ថានភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាជនដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ឱ្យវិលមករក ប្រក្រតីភាពឡើងវិញ ការពារសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។ យើងសូមអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា នេះជាកាតព្វកិច្ចរបស់យើងក្នុងការបញ្ចប់នូវរាល់អរិយភាពមកលើប្រជាជន និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់ មនុស្សធម៌អន្តរជាតិដោយកងកម្លាំងប្រដាប់អាវុធនៃភាគីជម្លោះ។

● យើងសូមកត់សម្គាល់ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនៅតែមានភាពផុយស្រួយ ដែលស្តែង ចេញតាមរយៈការវាយប្រហាររបស់កងទ័ពថៃលើជនស៊ីវិលដែលគ្មានអាវុធ នៅខេត្តបន្ទាយមានជ័យ ប្រទេស កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលថ្មីៗនេះ ដែលបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និង បីនាក់រងរបួស។ ដូចនេះ យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ យើង សូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាល និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាព ស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
យើងសូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យជួយស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលរងការខូចខាតក្នុងអំឡុងពេលជម្លោះ ប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ និងការទម្លាក់គ្រាប់បែកតាមអាកាស។ លើសពីនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌
របស់មនុស្សជាតិ និងការការពារទ្រព្យសម្បត្តិទាំងនោះឱ្យបានពេញលេញ។

● ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ មនុស្សធម៌ និងយុត្តិធម៌ យើងសូមអំពាវនាវដល់ថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិជំរុញឱ្យគណបក្សនយោបាយ និងដៃគូលើសកលលោករបស់យើង ឱ្យមានសម្លេងនិង សកម្មភាពរួមគ្នា ក្នុងការជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពពិភពលោក រួមទាំងតម្ល ស្នូល និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×