ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមជម្រាបថា ទំនប់អាងទឹកលេខ២ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា។ គម្រោងនេះចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ។
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។
ទី២/ កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។
ទី៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និង
ទី៤/ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។
គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧។
នៅថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក្រសួង រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលលទ្ធផលការងារសម្រេចបាន ១០០%។
សូមបញ្ជាក់ថា ទំនប់ដូនទ្រី អាចស្ដុកទឹកបាន ១៦៣លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























